ឯកឧត្ដម ប៉ែន កុសល្យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២២ លើកទី១៦
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នារព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងក្រុង-ស្រុក តំណាងអង្គការ យុវជន ស.ស.ស.យ.ក យុវជន កាយរឹទ្ធិ កាកបាទក្រហម សិស្សានុសិស្ស សរុបប្រមាណ ៣៥០ នាក់បានចូលរួម។
គោលបំណងនៃការប្រារព្ធទិវាជាតិ១២ធ្នូនេះ គឺដើម្បីបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងនិង យកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ ប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រឹដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។
មិទ្ទិញអបអរសាទរនេះផងដែរ ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាព ជាមួយដៃគូរពាក់ព័ន្ធជាតិ និងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍន៍ជាតិ។ មិទ្ទិញអបអរសាទរ១២ធ្នូនេះផងដែរ ក៏ជាការរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់ សន្តិសុខសុវត្ថិភាពសង្គម និងសន្តិសុខជាតិឲ្យមានស្ថេរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យុទ្ធនាការនេះនឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងផងដែរ តាមបណ្តាខេត្ត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕