ឯកឧត្តម ញ៉ែម សំអឿន បន្តនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួនជាង ១០០ គ្រួសារនៅស្រុកកូនមុំ
ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរដោយ ឯកឧត្តមជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបន្តនាំយកអំណោយ របស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរ សង្គមកិច្ចអតីត យុទ្ធជននិងយុវនីតិសប្បទាខេត្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន ជនចាស់ជរា ជនទីទាល់ក្រ ស្ត្រីមេម៉ាយក្រីក្រនិងជនមានពិការភាពចំនួន១២៦ គ្រួសារនៅឃុំសិរីមង្គល ស្ថិតក្នុងស្រុកកូនមុំបន្ទាប់ពីម្សិលមុិញ២១៦គ្រួសារនៅស្រុកលំផាត់បាទទួលអំណោយដូចគ្នាហើយផងដែរ។
បន្ទាប់ពីលោកអភិបាលស្រុកកូនមុំធ្វើសេចក្តីរាយការណ៍សង្ខេបពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋរួចមកនឯកឧត្តម ញ៉ែម សំអឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ឯកឧត្តមត្រូវធានាធ្វើយ៉ាងណាអនុវត្តន៍ឱ្យខាងតែបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាជំហ៊ានៗ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះយើងបាន និងកំពុងរៀបចំពិធីចែកនូវអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ គឺជាការចែករំលែក ជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ចយកចិត្តទុកដាក់ ដោះស្រាយ។
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងអ្នកអមដំណើរ បានអញ្ជើញចែកអំណោយប្រជាពលរដ្ឋទាំង១២៦គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី០១កេះតូច ត្រីខ០១យួរ ឃិតមួយកញ្ចប់។
ដោយឡែកក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូនរទេះរុញ ជូនជនពិការចំនួន៨នាក់ក្នុងម្នាក់ទទួលបានរទេះរុញ១គ្រឿង និងបានផ្ដល់ជូនដល់សាលាស្រុកកូនមុំនូវមុងការពារជំងឺគ្រុនចាញ់ចំនួន ៣០០ មុងព្រមទាំងសាប៊ូ ៣០០ ដុំដើម្បីចែកជូនប្រជាពលរដ្ឋបន្តផងដែរ៕