ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធ ជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមទីប្រឹក្សា PPTA របស់ធនាគារអភិវឌ្ឍន៍អាស៊ី
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធ ជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមទីប្រឹក្សា PPTA របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីចែករំលែកចំណេះដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតដែលពាក់ព័ន្ធនឹងវិស័យធនធានទឹក។
នាឱកាសនេះផងដែរ ឯកឧត្តមអគ្គបច្ចេកទេស និងក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញ និងជម្រាបជូនដោយសង្ខេបអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងវិស័យធនធានទឹករួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា គោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលគាំទ្រដល់ការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមទីប្រឹក្សាបច្ចេកទេស PPTA របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កំពុងស្ថិតក្នុងដំណាក់កាលរៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព។ ដូចនេះ ការចែករំលែកចំណេះដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងដំណើរការអនុវត្ត និងអនុសាសន៍នានាក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យធនធានទឹក គឺជាធាតុចូលដ៏សំខាន់សម្រាប់ក្រុមទីប្រឹក្សា PPTA ដើម្បីរៀបចំគម្រោងកម្មវិធីមួយដែលមានប្រសិទ្ធភាព និងបានគិតគូរគ្រប់ជ្រុងជ្រោយអំពីតថភាពនៃវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕