គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញណក្ខន្ធសពញោមបង្កើតសម្តេចព្រះពោធិវ័ង្ស អំ លីមហេង
ភ្នំពេញ៖ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ញោមបង្កើតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨:៣៨នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងនាមព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមសម្តែងនូវក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយសម្តេចព្រះពោធិវ័ង្ស ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ញោមបង្កើត ឪពុកបង្កើត ជីតា ជីតាទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត។ ទោះបីរូបកាយរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ពិធីបុណ្យសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានប្រារព្ធធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅសាលាបុណ្យ ស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល៕