ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៤២គ្រួសារ រស់នៅក្នុងស្រុកបន្ទាយមាស និងក្រុងកំពត ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត
ភ្នំពេញ៖ លោក យិន ប៊ុនអាន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នៅថ្ងៃពុធ ទី២១ ខែ ធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៤២គ្រួសារ។
ក្នុងនោះរួមមាន÷ អនុសាខាស្រុកបន្ទាយមាសចំនួន៧៨គ្រួសារ និងអនុសាខាក្រុងកំពត ចំនួន៦៤គ្រួសារ ( ក្នុងនោះរងគ្រោះមធ្យមចំនួន១៣៨គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន៤គ្រួសារ ) ។ ពិធីនេះរៀបចំឡើងចំនួនពីរទីតាំង រួមមាន៖ ទីតាំងទី១ ធ្វើឡើងនៅក្នុងបរិវេណវត្តគ្រាំងទឹក ស្ថិតនៅក្នុងភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស និងទីតាំងទី២ នៅក្នុងបរិវេណវត្តត្រើយកោះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។
នាឱកាសនោះ លោក យិន ប៊ុនអាន អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដែលធ្វើឱ្យខូចខាតផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ។
អំណោយផ្តល់ជូនរួមមាន ៖
-គ្រួសាររងគ្រោះមធ្យមចំនួន១៣៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖
អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស និងថវិកា៥ម៉ឺនរៀល។
– គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៤គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កៅស៊ូតង់១ដុំ និងថវិកា២០ម៉ឺនរៀល។
សូមបញ្ជាក់ថា ក្នុងឱកាសនោះលោក យិន ប៊ុនអាន អនុប្រធានគណៈកម្មាធិការសាខា ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួនពីរវត្តគឺវត្តក្រាំងទឹក និងវត្តត្រើយកោះ ក្នុងវត្តនីមួយៗរួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស ទឹកសុទ្ធ២កេស និងថវិកា២០ម៉ឺនរៀលផងដែរ៕