អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសស្តីពីការត្រៀមឆ្លើយតបប្រកបដោយប្រសិទ្ធភាព លើការបង្ការជំងឺរាតត្បាតផ្សេងៗ
ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាតម្រង់ទិសស្តីពីត្រៀមឆ្លើយតបប្រកបដោយប្រសិទ្ធភាព ឧបត្ថម្ភថវិកាដោយ DG-ECHO/IFRC តាមរយៈកម្មវិធីពង្រឹងភាពជាដៃគូផ្តោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២២។
សិក្ខាសាលានេះមានការចូលរួមពី កញ្ញា Dewindra Widiamurti, ប្រតិភូកាកបាទក្រហមហ្វាំងឡង់ប្រចាំកម្ពុជា, អ្នកសម្របសម្រួលប្រតិបត្តិការគ្រាអាសន្ននៃកាកបាទក្រហមហ្វាំងឡង់ និងមន្រ្តីកាត់បន្ថយហានីភ័យគ្រោះមហន្តរាយនៃសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមទីក្រុងបាងកក ព្រមទាំងមាន ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងទីស្នាក់ការកណ្តាល និងសាខា កាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៤ (ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងប៉ៃលិន) សរុបចំនួន ៣៧។ សិក្ខាសាលានេះ រៀបចំឡើងនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និងថ្លែងអំណរគុណចំពោះកាកបាទក្រហមហ្វាំងឡង់ ដែលជាដៃគូដ៏យូរអង្វែង ដែលតែងតែឧបត្ថម្ភគាំទ្រនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាំងពីទសវត្តរ៍៩០មកម្លេះ។
លោកជំទាវ អគ្គលេខាធិការរងទី១ បានបន្តថា “ក្រោមការឧបត្ថម្ភរបស់កាកបាទក្រហមហ្វាំងឡង់ តាមរយៈ កម្មវិធីពង្រឹងភាពជាដៃគូផ្តោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ គឺបានអនុវត្តទៅដល់ភូមិឃុំ ស្របតាមយុទ្ធសាស្ត្ររបស់យើង “សកម្មភាពនៅមូលដ្ឋាន សម្រេចបានសកម្មភាពសកល”ហើយពាក្យស្លោកនេះ មិនមែនសរសេរតែនៅក្នុងយុទ្ធសាស្ត្រទេ គឺអនុវត្តជាក់ស្តែង”។
លោកជំទាវ បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់បញ្ចប់សិក្ខាសាលានេះ មន្ត្រីនៅសាខាគោលដៅ និងបានពង្រឹង សមត្ថភាព ជំនាញ និងយន្តការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសូមជូនពរ សិក្ខាកាមទាំងអស់ឲ្យមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាកថា សិក្ខាសាលានេះ មានពិភាក្សាយ៉ាងសកម្មនូវប្រធានបទដូចខាងក្រោម៖• ការណែនាំពីអភិក្រម និងយន្តការរបស់ ការត្រៀមឆ្លើយតបប្រកបដោយប្រសិទ្ធភាព (PER) • ផ្សាភ្ជាប់យន្តការ PER សម្រាប់ប្រតិបត្តិការ និងកម្មវិធីត្រៀមបង្ការ• ដំណើរការ PER • វីធីសាស្ត្រ និងប្រភេទនៃការប៉ាន់ប្រមាណ៕