ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសំណេះសំណាលជាមួយ ក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអបអរសាទរខួបលើកទី៧៨ឆ្នាំ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តកំពង់ធំ និងចូលរួមអបអរសាទរខួបលើកទី៧៨ឆ្នាំ នៃថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម (២២-១២-១៩៤៤/ ២២-១២-២០២២) ដែលពិធីនេះប្រព្រឹត្តទៅនៅកន្លែងស្នាក់នៅ បណ្ដោះអាសន្នក្នុងបរិវេណបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ត្រី ង្វៀន វ៉ាន់ឡុង ប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម(K៧២) របស់ខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម ប្រចាំការជីករុករកអដ្ឋិធាតុនៅខេត្តកំពង់ធំ បានឡើង រាយការណ៍អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុនៅលើភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងជំហានទី១ ដំណាក់កាលទី២២ រដូវប្រាំងឆ្នាំ២០២២ ឆ្នាំ២០២៣នេះ ទទួលបានលទ្ធផលចំនួន៥អដ្ឋិធាតុ។ សរុបមកដល់ពេលនេះ លទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត ប្រជាជនវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ធំបានចំនួន១.១៤៧អដ្ឋិធាតុ រួចមកហើយ ។ ហើយថ្ងៃនេះជាថ្ងៃអបអរសាទរខួបលើកទី៧៨ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម កងកម្លាំង(K៧២) តំណាងឲ្យគណៈបញ្ជាការយោធាខេត្តប៊ិញភឿក សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបង្កលក្ខណៈងាយស្រួលដល់កងកម្លាំង(K៧២)ក្នុងការជីករុករកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តប្រជាជនវៀតណាម បានវិលត្រឡប់ទៅកាន់មាតុភូមិវិញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមបច្ចេកទេស(K៧២) បានសហការល្អជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តប្រជាជនវៀតណាម បានវិលត្រឡប់ទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ។
នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានចូលរួម អបអរសាទរ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម នឹងបានថ្លែងអំណរគុណចំពោះ កងទ័ពប្រជាជនវៀតណាម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះ អាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្ដីស្លាប់នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩កន្លងមក ។
នៅក្នុងឱកាសសំណេះសំណាងសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៧៨ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាមនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយឧបត្ថម្ភកម្មវិធីនេះរួមមាន ស្រាបៀចំនួន២២កេស និងសាច់ជ្រូក សាច់គោ បន្លែបង្ការ គ្រប់មុខមួយចំនួនផងដែរ និងបានជូនពរសូមឲ្យ ចំណងសាមគ្គីភាពសហប្រតិបត្តិការ រវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ ស្ថិតស្ថេរចីរកាល ៕