សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) អញ្ជើញវាគ្មិន ប.ស.ស. បណ្ដុះបណ្ដាលរបបសន្ដិសុខសង្គម ដល់បងប្អូនបម្រើការងារក្នុងវិស័យសំណង់ និងឡឥដ្ឋ
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលអត្ថប្រយោជន៍របបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូនវិស័យសំណង់ និងឡឥដ្ឋ ដើម្បីចែករំលែកនូវចំណេះដឹង អត្ថប្រយោជន៍របបសន្ដិសុខសង្គមសម្រាប់បងប្អូនដែលបម្រើការងារក្នុងវិស័យសំណង់ និងឡឥដ្ឋ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ និងភាពល្អប្រសើរឡើង មុនឈានដល់ការគ្របដណ្ដប់ពេញលេញក្នុងការផ្ដល់របបសន្ដិសុខសង្គមជូនបងប្អូននិយោជិតទាំងអស់នៅកម្ពុជា។
ក្នុងឱកាសជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុក បូរ៉ា បានលើកឡើងថា៖ របបសន្ដិសុខសង្គមទាំងបីផ្នែក ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែល ប.ស.ស. កំពុងអនុវត្តនេះ គឺមានសារៈសំខាន់ទាំងអស់ និងមានអត្ថប្រយោជន៍ផ្សេងៗគ្នា ជាច្រើនដល់កម្មករនិយោជិត ដោយមានការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាព តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការអាក់ខានពីការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ និងការសម្រាកមាតុភាព ដោយមិនបារម្ភចំពោះការចំណាយលើថ្លៃព្យាបាលដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពឡើយ។
លោកបានឱ្យដឹងបន្តថា ចំពោះផ្នែកប្រាក់សោធន ជារបបសន្ដិសុខសង្គមថ្មី របស់ ប.ស.ស. ត្រូវចូលរួមពីវិស័យឯកជន ដើម្បីរួមចំណែកជួយដល់បុគ្គលិកគ្រប់រូបមានការរស់នៅប្រកបដោយទំនុកចិត្តក្រោយពេលចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធនក្នុងពេលខាងមុខ ។ ទន្ទឹមនឹងការទទួលបានសោធនជរាភាពនេះ សមាជិក ប.ស.ស. ជាកម្មករនិយោជិតត្រូវបំពេញលក្ខខណ្ឌចំនួន ៣ ដោយបានចុះបញ្ជីក្នុងផ្នែកសោធនមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ១២ ខែ ដែលភាគទានសោធនកំណត់ ២%ជាបន្ទុកនិយោជិត និង ២%ជាបន្ទុករបស់និយោជក។
ក្នុងករណីចូលរួមបង់ភាគទានបំពេញគ្រប់លក្ខខណ្ឌ នោះ ប.ស.ស. នឹងផ្ដល់ជូនប្រាក់សោធនជារៀងរាល់ខែ ដោយក្នុង ១ ខែ បើកបាន ២ ដងតាមរយៈកុងធនាគារផ្ទាល់ខ្លួន ក្រោយសមាជិក ប.ស.ស. មានអាយុ៦០ ឆ្នាំ។
តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ បានបង្ហាញអារម្មណ៍ថា៖ លោកមានសេចក្ដីរីករាយក្រែលែងដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងជំរុញឱ្យមានរបបសន្ដិសុខសង្គម ទាំង៣ផ្នែកនេះ ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ នឹងបន្ដជួយជំរុញបន្ថែមដល់ម្ចាស់សិប្បកម្មឡឥដ្ឋ ក៏ដូចជាម្ចាស់ការដ្ឋាន ឬម្ចាស់ក្រុមហ៊ុនសំណង់ ធ្វើយ៉ាងណាត្រូវមាន ប.ស.ស. ជូនកម្មករគ្រប់ៗគ្នា ដើម្បីជួយគាត់នៅពេលមានជំងឺ ឬយថាហេតុកើតឡើងនានា មួយទៀតនៅពេលដែលពួកគាត់ចាស់ទៅ គាត់នឹងអាចទទួលបាននូវប្រាក់សោធននិវត្តន៍សម្រាប់គាត់។
លោកបន្ដថា ការចូលរួមក្នុងភាគទានប្រាក់សោធននេះ គឺជាបដិភាគទៅវិញទៅមកជាមួយគ្នា ដោយមានការលះបង់រវាងភាគីកម្មករ និងភាគីថៅកែ ព្រោះទៅមុខទៅរបបនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្មករ ហើយចំពោះភាគទាន ២% សម្រាប់ប្រាក់សោធននេះ គឺលទ្ធភាពមួយដែលកម្មករអាចចូលរួមបង់ដែរ ហើយណាមួយទៀតសោតគឺកាត់ទៅតាមសមាមាត្រប្រាក់ឈ្នួលរបស់គាត់ បើច្រើនគឺកាត់ច្រើន បើតិចគឺកាត់តិចទៅតាមនឹងផងដែរ។
អ្នកស្រីបម្រើការងារក្នុងឡឥដ្ឋឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ អ្នកស្រីបានបង្ហាញអារម្មណ៍ថា៖ នៅពេលដែល មាន ប.ស.ស. លោកស្រីមានអារម្មណ៍សប្បាយរីករាយ ដោយ ប.ស.ស. អាចជួយលោកស្រីបាននៅពេលដែលឈឺទៅពេទ្យពុំអស់លុយដើម្បីព្យាបាល ហើយជាពិសេសទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀតផងដែរ លោកស្រីនឹងបន្ដផ្សព្វផ្សាយដល់អ្នកធ្វើការអ្នកស្រីបានដឹងគ្រប់ៗគ្នា។
ជុំវិញករណីនេះ លោក សុក បូរ៉ា បានបញ្ជាក់ថាៈ ប.ស.ស. នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធសហជីពដែលពាក់ព័ន្ធលើការងារនេះ ធ្វើយ៉ាងណាគ្របដណ្ដប់ជូនបងប្អូនកម្មករវិស័យសំណង់ និងឡឥដ្ឋនេះ ឱ្យបានរបបសន្ដិសុខសង្គមពេញលេញគ្រប់ៗគ្នា ដោយពុំទុកនរណាម្នាក់ចោលឡើយ។
សូមបញ្ជាក់ថាៈ វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងដោយ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ក្រោមជំនួយរបស់អង្គការអាហ្វីដា នៅអគារឌីខេមីតធីងសេនធើ ដោយមានការចូលរួមពីបងប្អូនបម្រើការងារនៅក្នុវិស័យសំណង់ និងឡឥដ្ឋ ប្រមាណជា ៤០នាក់៕