ឯកឧត្តម ចន ណារិទ្ធ ដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាជាមួយ លោកជំទាវ មិថុនា ភូថង ដើម្បីបន្តពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម ដែលជាអន្តរាគមន៍ពិសេស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាជាមួយ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដើម្បីបន្តពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមដែលជាអន្តរាគមន៍ពិសេសនេះ។
អង្គប្រជុំបានលើកឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ និងការបើកផ្តល់សាច់ប្រាក់ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ព្រមទាំងបានលើកឡើងពីការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឱ្យអនុវត្តកម្មវិធីនេះបានទាន់ពេល ក្នុងការជួយសម្រួលបន្ទុកជីវភាពប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមានពីសម្ពាធអតិផរណា នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និយាយដាច់ដោយឡែក និងនៅតាមបណ្ដាខេត្តនានា និយាយជារួម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានពាំនាំនូវការវាយតម្លៃខ្ពស់ និងសេចក្ដីថ្លែងអំណគុណរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ជូនអជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារយ៉ាងសកម្មនាពេលកន្លងមក ដែលបានរួមចំណែកក្នុងដំណើរនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះដោយរលូន ៕