ទីណាមានជនរងគ្រោះទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកអូររាំងឪ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំដំរិល ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅផ្តល់ជូនដល់គ្រួសារលោក យ៉ែម សារឿន អាយុ៤៣ឆ្នាំ ដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយ(មហារីគ្រលាន) សម្រាកព្យាបាលនៅផ្ទះ មានទីលំនៅនៅក្នុងភូមិដំរិលទី២ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ លោកនាយករងសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា នឹងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកនាយករងក៏បានបន្តទៀតដែរថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ និងបន្តការចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា ជាពិសេសថែមទាំងបានជូនពរឱ្យបងប្អូនទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃ និងឆាប់បានជាសះស្បើយពីរោគាព្យាធិនេះ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាចំនួន២០០,០០០រៀលផងដែរ៕