ក្រុមជម្រើសជាតិកម្ពុជា ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-១ ក្នុងការប្រកួតទី២ នៃពានរង្វាន់ជើងឯកអាស៊ាន
កីឡា៖ ក្រុមជម្រើសជាតិកម្ពុជា ចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-១ របូត៣ពិន្ទុ នៃការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
សម្រាប់ការប្រកួតទី២ ក្នុងពូល A របស់ក្រុមគោព្រៃនេះ ឥណ្ឌូនេស៊ី បានបើកនាំមុខ ១គ្រាប់មុន នៅនាទីទី៧ ដោយកីឡាករ Egy Maulana មុនខ្សែការពារ សារ៉េត គ្រីយ៉ា តែតបញ្ចូលទីគ្រាប់តាមស្មើឲ្យកម្ពុជាវិញ នៅនាទី១៦ ។ ប៉ុន្ដែសោកស្ដាយនៅនាទី៣៥ កីឡាករ Witan Sulaeman បានស៊ុតបន្ថែមគ្រាប់បាល់ទី២ ឲ្យម្ចាស់ផ្ទះ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងជំនួបលើទឹកដីឥណ្ឌូនេស៊ីនេះដែរ ដ្បិត ៤៥នាទី នៃវគ្គទី២ គឺគ្មានគ្រាប់បាល់កើតឡើងនោះទេ ។
លទ្ធផលនេះ បានធ្វើឲ្យឥណ្ឌូនេស៊ី ទទួលបាន ៣ពិន្ទុស្មើកម្ពុជា ពីជ័យជម្នះការប្រកួតដំបូងរបស់ខ្លួន ។
សម្រាប់ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរកតេជោ ទទួលក្រុមជម្រើសជាតិប្រ៊ុយណេ នាថ្ងៃទី២៩ ខែធ្នូខាងមុខ មុនការប្រកួតបញ្ចប់ពូល A ក្រៅដី ជាមួយក្រុមជម្រើសជាតិថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕