អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមកម្មវិធីបុណ្យណូអែល “គ្រីស្ទម៉ាស” Merry Christmas 2022 និងជួបសំណេះសំណាលជាមួយបងប្អូនគ្រិស្តបរិស័ទ
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមកម្មវិធីបុណ្យណូអែល “គ្រីស្ទម៉ាស” Merry Christmas 2022 និងជួបសំណេះសំណាលជាមួយបងប្អូនគ្រិស្តបរិស័ទ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។
គោលបំណងនៃការរៀបចំនេះគឺបង្ហាញពីភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងសមាជិកគ្រីសបរិស័ទទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា និងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការរួមចំណែកក្នយងវិស័យសង្គម ផ្នែកមនុស្សធម៌ សង្គមកិច្ច និងការអប់រំសីលធម៌ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនគ្រីស្ទបរិស័ទដើរតាមមាគ៌ាបង្ហាញផ្លូវនៃគោលលទ្ធជំនឿ និងវិស័យសាសនាគ្រីស្ទដែលជាតម្លៃនៃវប្បធម៌សន្តិភាព ធ្វើឲ្យបងប្អូនគ្រីស្ទបរិស័ទមានសីលធម៌ល្អ រស់នៅស្អាតស្អំប្រកបដោយសុខសន្តិភាពជាមួយសហគមន៍ សាសនារបស់ខ្លួន ក៍ដូចជាជាមួយសហគមន៍សាសនាដ៍ទៃទៀតក្នុងសង្គមជាតិ ព្រមទាំងធ្វើអោយសង្គមមានការរីកចម្រើនជឿនលឿន។
ក្នុងថ្ងៃបុណ្យណូអែលនោះ ក៏មានការផ្តល់ការដូ វត្ថុអនុស្សាវរីយ៍ និងផ្តល់អំណោយក្តីស្រលាញ់ជូនគ្រួសារដែលមានជីវភាពខ្វះចំនួន ២០០គ្រួសារផងដែរ ។
ថ្លែងសំណេះសំណាលឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំបាទ មានក្តីសប្បាយរីករាយដែលបានជួបជាមួយថ្នាក់ដឹកនាំ លោកគ្រូគង្វាល និងបងប្អូនគ្រីស្ទបរិស័ទនៃខេត្តបន្ទាយមានជ័យ ទាំងអស់ក្នុងកម្មវិធីបុណ្យណូអែល ដែលគ្រីស្ទបរិស័ទទូទាំងខេត្តបន្ទាយមានជ័យ បានរួបរួមគ្នាប្រារព្ធធ្វើឡើងជារៀងរាលឆ្នាំ ក៍ដូចគ្រីស្ទបរិស័ទទូទាំងពិភពលោកតែងតែប្រារព្ធធ្វើ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថាឆ្លៀតក្នុងឧកាសនេះក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំបាទផ្ទាល់ សូមពាំនាំការផ្តាំផ្ញើការនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ គិតគូរ និងយកចិត្តទុកដាក់ជានិច្ចទៅលើប្រជាពលរដ្ឋ ដែលជាសាសនិកគ្រីស្ទបរិស័ទទាំងអស់ដែលកំពុងគោរព និងប្រតិបត្តិតាមជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងខេត្ត ជួបតែសេចក្តីសុខ និងព្រះប្រទានពរគ្រប់ៗគ្នា ៕