កាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ចុះសួរសុខទុក្ខ និងនាំយអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យចំនួន ១៤គ្រួសារ
ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល ប្រធានក្រុមការងារអនុសាខា នៅល្ងាចថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ បានចុះសាកសួរសុខទុក្ខ និងនាំយអំណោយមនុស្សធម៌ទៅផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យចំនួន១៤គ្រួសារ កាលពីវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតនៅភូមិ១២ ក្នុងបុរីកីឡា សង្កាត់វាលវង់។
នាខណៈនោះ លោកប្រធានក្រុមការងារអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិកការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឱ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម បន្តខិតខំប្រឹងប្រែងប្រកបរបររកទទួលទានទៅតាមលទ្ធភាព ជាបន្តទៀត ហើយកាកបាទក្រហមកម្ពុជាយើងតែងតែជួយដល់បងប្អូន ប្រជាពលរដ្ឋជានិច្ចនៅពេលជួបប្រទះ នូវការលំបាកដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ អ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន១០ម៉ឺនរៀល ៕