ឯកឧត្តម ហង់ជួន ណារ៉ុន៖ កំណែទម្រង់ស៊ីជម្រៅអប់រំកាយ និងកីឡាដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីកីឡាស៊ីហ្គេម លើកទី៣១ នៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងបានរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅលើការងារអប់រំកាយ និងកីឡាចំនួន ៤ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ក្នុងពិធីប្រគល់ប្រាក់រង្វាន់ ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា កំណែទម្រង់ស៊ីជម្រៅ៤ចំណុចនេះ រួមមាន៖ ១. ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា។ ២. ការបណ្ដុះបណ្តាលធនធានមនុស្ស។ ៣. ការកែលម្អរចនាសម្ព័ន្ធការប្រកួត និង៤. ការពង្រឹង និងគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិ។ ចំពោះសមិទ្ធផលសំខាន់ៗ ដែលទទួលបានរួមមាន៖ ទី១. ក្រសួងបានធ្វើប្រតិភូកម្មមុខងារ និងការគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិ ចំនួន៤២ ចាប់ពីឆ្នាំ២០១៧ មកទល់ឆ្នាំ២០២២នេះ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាដែលមានក្នុង កម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ទី២. ក្រសួងបានផ្ទេរមុខងារដល់រាជធានី-ខេត្តក្នុងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទនៅថ្នាក់ក្រោមជាតិ។ ដោយឡែកថ្នាក់ជាតិទទួលបន្ទុករៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ, មធ្យមសិក្សាថ្នាក់ជាតិ, ឧត្តមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាជាតិ។ ចំណែកឯ សហព័ន្ធកីឡាជាតិទទួលបន្ទុកការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ។ ទី៣. មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិ ធ្វើការបណ្តុះ បណ្តាលក្រុមកីឡាជម្រើសថ្នាល ស្របតាមផែនការមេនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលក្នុងឆ្នាំ២០២២ មាន ៣៨ ប្រភេទកីឡា, កីឡាករចំនួន ១០៣៦ នាក់, ស្រី ២៨៤នាក់។ ទី៤. ក្រសួងបានផ្ដល់ឱកាសឱ្យសហព័ន្ធកីឡាជាតិបានរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ នៅក្នុងប្រទេស ដើម្បីទទួលបានបទពិសោធន៍ចំណេះដឹងក្នុងការរៀបចំការប្រកួតកម្រិត អន្តរជាតិ, វាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីកម្រិតអន្តរជាតិក្នុងតំបន់ និងជំរុញការ រៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្រភេទកីឡា។ ទី៥. កីឡាករ កីឡាកាវិនីកម្ពុជា ដែលបានចូលរួមការប្រកួតកម្រិតតំបន់, អាស៊ី, និងពិភពលោក ទទួលបានបទពិសោធន៍ពីការប្រកួត និងវាស់ស្ទង់គុណផលកីឡា ជាពិសេសកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា លទ្ធផលនៃកំណែទម្រង់ស៊ីជម្រៅចម្បងៗទាំងនេះបានជំរុញឱ្យវិស័យកីឡាមានការរីកចម្រើន និងទទួលបាននូវមេដាយកម្រិតពិភពលោក កម្រិតទ្វីប និងកម្រិតតំបន់។ ប្រការនេះ បានរួមចំណែកលើកមុខមាត់កីឡាកម្ពុជា លើឆាកអន្តរជាតិ ជាពិសេសការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្រសួងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជូនប្រតិភូ កីឡាកម្ពុជាចំនួន៥៥០នាក់ លើប្រភេទកីឡាចំនួន ៣៣ មាន២៩៥វិញ្ញាសា។ ទន្ទឹមនេះដែរ ជាលទ្ធផលកម្ពុជា ទទួលបានមេដាយសរុបចំនួន ៦៣គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង, ប្រាក់ ១៣គ្រឿង, និង សំរឹទ្ធិ ៤១គ្រឿង និងស្ថិតក្នុងចំណាត់ថ្នាក់ទី៨។ ប្រាក់រង្វាន់ ជ័យលាភីដែលត្រូវផ្ដល់ជូនគ្រូបង្វឹក, គ្រូជំនួយ, កីឡាករ កីឡាការិនី សរុប ១៣៥នាក់ ក្នុងនោះ គ្រូបង្វឹក គ្រូជំនួយ ៤២នាក់, និងកីឡាករ កីឡាការិនី ៩៣នាក់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណជូនចំពោះសម្តេចពិជ័យសេនា ដែលបានចំណាយពេលដ៏មានតម្លៃ និងមមាញឹកជួបសំណេះសំណាលជាមួយមន្ត្រី គ្រូបង្វឹក គ្រូជំនួយ និងជ័យលាភីស៊ីហ្គេមលើកទី៣១ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងស្រឡាញ់វិស័យកីឡា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងថា ទឹកចិត្តមនោសញ្ចេតនា និងកាយវិការសម្តេច ជាការផ្ដល់កម្លាំងចិត្តដល់ មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីខិតខំប្រឹងប្រែងបន្ថែមទៀត ឆ្ពោះទៅស៊ីហ្គេម ២០២៣។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានលើកទឹកចិត្ត និងគាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជារាល់ការប្រកួត ទាំងការប្រកួតក្នុងស្រុក តំបន់ និងអន្តរជាតិ ជាពិសេស ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នេះ សម្តេចបានឱ្យក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ រៀបចំយន្តហោះពិសេសជូនប្រតិភូកីឡាកម្ពុជាទាំងទៅ និងមកដោយឥតគិតថ្លៃ៕ ប្រភព៖ ក្រសួងព័ត៌មាន