ឯកឧត្តម យ៉ម ផារ៉ូត អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំឯកសារគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តយន្តការសន្ធានកម្ម នៅថ្នាក់ក្រោមជាតិ»
ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ និង អង្គការនារីដើម្បីសន្តិភាព នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំឯកសារគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តយន្តការសន្ធានកម្មនៅថ្នាក់ក្រោមជាតិ» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាពឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
កម្មវិធីនេះមានការអញ្ជើញចូលរួមដោយឯកឧត្ដម ប៉ូច សោភ័ណ សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌, លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់, លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ, លោកស្រី គ្រី ស៊ុយហៀង នាយិកានៃអង្គការនារីដើម្បីសន្តិភាព ព្រមទាំងអស់លោក លោកស្រី ជា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ និងនាយកដ្ឋានបណ្តុះបណ្តាល, និងសិក្ខាកាមជាអភិបាលរងស្រុក, ប្រធាន អនុប្រធាន និងមន្រ្តី នៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ក្រុង ស្រុក ខណ្ឌ នៃរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពត សរុបប្រមាណ ៧០រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំទ្បើងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀតលើសេចក្តីព្រាងឯកសារចំនួន ៣រួមមាន៖
១- បទប្បញ្ញតិស្តីពីការទទួលស្គាល់វិជ្ជាជីវៈសន្ធានការីនៃព្រះរាជាណាចក្រកម្ពុជា។
២-ក្រមសីលធម៌ សម្រាប់វិជ្ជាជីវៈសន្ធានការី។
៣-សៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ៕