ឯកឧត្តម សួន ភារិទ្ធ ដឹកនាំកិច្ចប្រជុំជាមួយ ក្រុមការងារបច្ចេកទេសជប៉ុន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងចុងក្រោយ ស្តីពីគោលការណ៍ណែនាំបច្ចេកទេស សិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារបច្ចេកទេសជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសជប៉ុន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងចុងក្រោយស្តីពីគោលការណ៍ណែនាំបច្ចេកទេសសិក្សា គម្រោងប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា (The Technical Guideline for Planning and Design of Sewerage System in Cambodia) ចំនួនប្រមាណជាង១៥០០ទំព័រ។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមអគ្គនាយក បានស្នើឱ្យមានកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងនេះ ហើយដាក់ឆ្លងគណៈកម្មការបច្ចេកទេសប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងស្នើឱ្យមានការរៀបចំសិក្ខាសាលាប្រមូលធាតុចូលបន្ថែម និងដាក់ជូនថ្នាក់ដឹកនាំរបស់ស្ថាប័នចុះហត្ថលេខាផ្សព្វផ្សាយ និងប្រើប្រាស់ជាផ្លូវការ។
សូមជម្រាបជូនថា៖ គោលការណ៍ណែនាំបច្ចេកទេសសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជានេះ ជាជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បន្ទាប់ពីអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សំណើកាលពីឆ្នាំ២០១៨។
ជាលទ្ធផល តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារJICAប្រចាំកម្ពុជា គ្រោងនឹង ប្រគល់សេចក្តីព្រាងចុងក្រោយនេះជូនក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕