សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យតំណាងនាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេន ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី នាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេន ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណខណ្ឌទួលគោក ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន។
ជាមួយគ្នានោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ ក៏បានអញ្ជើញស្រង់ព្រះសុគន្ធវារី និងនាំយកទេយ្យទាន-បច្ច័យប្រគេន ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ក្នុងឱកាសនៃពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីព្រះសុខភាពរបស់ព្រះថេរានុថេរគ្រប់ព្រះអង្គ ជាពិសេសថ្លែងអំណរព្រះគុណចំពោះ ព្រះបវរមុនី ងិន ឃីម និងព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលព្រះអង្គទាំងទ្វេរ តែងតែបានចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ជាច្រេីនរបស់កាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ទន្ទឹមនឹងរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍធនធានព្រះសង្ឃឱ្យមានការរីកចម្រើន។
ព្រះបវរមុនី ងិន ឃីម និងព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ជាក្តីសង្ឃឹមរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង និងជាពុទ្ធសាសនូបត្ថម្ភក៏មួយរូបដែលតែងតែមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ ព្រះអង្គទាំងទ្វេ បានជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងមន្ត្រីក្រោមឱវាទទាំងអស់ជួបតែព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២៣នេះ សូមបន្តទទួលបានជោគជ័យគ្រប់ភារកិច្ចការងារមនុស្សធម៌ក្រោមម្លប់នៃសន្តិភាព។
សូមបញ្ជាក់ថា ទេយ្យវត្ថុកាកបាទក្រហមកម្ពុជា ដែលបានវេរប្រគេនព្រះបវរមុនី ងិន ឃីម និងព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ក្នុងមួយអង្គៗរួមមាន៖ គ្រឿងឧបភោគបរិភោគ ទឹកភេសជ្ជៈ ផ្លែឈើស្រស់ និងបច្ច័យចំនួន ១០លានរៀល៕