អភិបាលខេត្តកណ្ដាល ស្នើមន្ទីរដែនដី និងអាជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តផែនការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើមន្ទីរដែនដី និងអាជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តផែនការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច។
នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្តកណ្ដាល លោកអភិបាលស្រុកនានាក្នុងខេត្តកណ្ដាល លោកប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសូរិយោដី និងបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ឯកឧត្ដម គង់ សោភ័ណ្ឌបានលើកឡើងថា ខេត្តកណ្តាលមានក្រុង/ស្រុក ចំនួន ១១ មានចំនួន ១២៧ ឃុំ ស្មើនឹង ១០១០ ភូមិ ដែរនឹងត្រៀមរៀបចំ ធ្វើការកំណត់តំនប់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល ធ្វើការជូនដំណឹងផ្សព្វផ្សាយ ពីការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (ចំណាយ ពេលប្រហែល ៣០ថ្ងៃ/១ភូមិ)។
ឯកឧត្ដមក៏បានស្នើដល់មន្ទីរដែនដី និងអាជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល បន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាម ទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន។
ឯកឧត្ដម បន្តទៀតថា ការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ជាយន្តការមួយដ៏មានសារ:សំខាន់ សម្រាប់សង្គម និងប្រជាពលរដ្ឋ និងជាលទ្ធផលនយោបាយឈ្នះឈ្នះ នៃសម័យប្រទេសកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ប្រកបដោយបរិយាប័ន្ន និងសមធម៌ សន្តិភាព អនុញ្ញាតឲ្យមានកាលានុវត្តភាព ក្នុងនូវការកាត់បន្ថយវិវាទ ដើម្បីការអភិវឌ្ឍសង្គមជាតិ៕