សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ ឲ្យតំណាងចូលរួមរំលែកទុក្ខនិងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនជូនចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ នាយរងការិយាល័យ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនជូនចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ នាយរងការិយាល័យ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានទទួលមរណភាពកាលពីថ្ងៃ ពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគឿងញៀន នៅផ្លូវ ៦០ម៉ែត្រ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារសព និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ប្រកបដោយក្តីអាឡោះអាល័យ។
មរណភាព លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ គឺមិនត្រឹមតែជាការបាត់បង់នូវ ឧត្តមស្វាមី បិតា និងញាតិមិត្តម្នាក់ ជាទីគោរពស្រឡាញ់ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ លោកស្រី និង បុត្រ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជំនាញមួយរូប ពោរពេញដោយស្នាដៃ ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ ជាក់ស្តែង បានតស៊ូយ៉ាងស្វិតស្វាញក្នុងបេសកកម្មបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុចម្បងនៃការបំផ្លាញគុណតម្លៃ ធនធានមនុស្ស និងបំផ្លាញវិបុលភាពប្រជាជន។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន និងថ្នាក់ដឹកនាំ មន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕