ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីផ្ទៃពោះមួយរូប ដែលមានអាការធ្លាក់ឈាម ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦:២០នាទី បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមានផ្ទៃពោះមួយរូប ដែលមានអាការៈធ្លាក់ឈាម រស់នៅក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីមានផ្ទៃពោះខាងលើមានឈ្មោះ ជួ បុផ្ផា អាយុ២២ឆ្នាំ កំពុងមានផ្ទៃពោះ ៣ខែ មានប្តីឈ្មោះ កង ធារ៉ា អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោះរ៉ុងសន្លឹម(សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីមានផ្ទៃពោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕