សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ដែលបានផ្តល់ឱកាសដល់ឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមសោកស្តាយ និងរំលែកនូវមរណៈទុកចំពោះជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារគ្រោះអគ្គីភ័យឆេះអគារកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរដល់កម្ពុជា ដែលបានធ្វើជាប្រធានប្តូរវេនទទួលរៀបចំព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ានប្រកបដោយភាពជោគជ័យ ហើយក្នុងកិច្ចប្រជុំនោះដែរ ក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្តាប្រទេសអាស៊ាន និងអឺរ៉ុប ជាច្រើនរូបផងដែរ។
ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្តថា ប្រទេសរុស្សីសូមធ្វើការវាយតម្លៃខ្ពស់ចំពោះការររៀបចំប្រកបដោយភាពជោគជ័យនេះ ជាពិសេសក្រសួងមហាផ្ទៃ ដែលបានផ្តល់កិច្ចការការពារសន្តិសុខជូនដល់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសរុស្សី។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា ភ្នាក់ងារអនុវត្តច្បាប់រុស្សីបានធ្វើការងារយ៉ាងជិតស្និតជាមួយភ្នាក់ងារអនុវត្តរបស់កម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជានៅប្រទេសរុស្សី ក្នុងវិស័យសន្តិសុខផ្សេងៗ ដែលរួមមាន ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេវរកម្ម ការប្រឆាំងសកម្មភាពជ្រុលនិយម និងការប្រឆាំងការលាងលុយកខ្វក់ (គ្រីតូ) ផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ជម្រាបជូនសម្តេចក្រឡាហោមថា នៅឆ្នាំថ្មីខាងមុខនេះ ប្រទេសរុស្សី មានគម្រោងនឹងរៀបចំនូវវគ្គបណ្តុះបណ្តាលថ្មី ព្រមទាំងនឹងត្រៀមទទួលមន្ត្រីនគររបស់ភាគីកម្ពុជាឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលកម្ពុជាតែងតែគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ប្រទេសរុស្សី ដែលក្នុងនោះរួមមាន សន្ធិសញ្ញាប្រឆាំងនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលបំណងឧក្រិដ្ឋកម្ម។
ក្នុងន័យនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានស្មើដល់កម្ពុជាបន្ថែមកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានគិតចាប់តាំងពីឆ្នាំ១៩៩១មក ដែលមានឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៧៤ច្បាប់ដែលបានចុះហត្ថលេខា និងកំពុងអនុវត្ត និងមាននៅសល់ឯកសារនៃកិច្ចសហប្រតិបត្តិមួយចំនួនទៀត ដែលស្ថិតក្នុងដំណាក់កាលសិក្សា មិនទាន់បានចុះហត្ថលេខានៅឡើយ ផ្អែកតាមការងារដែលនៅសេសសល់នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមស្នើដល់សម្តេចក្រឡាហោម ដើម្បីជួយពិនិត្យ និងពន្លឿងលើកិច្ចការងារទាំងនេះឱ្យបានឆាប់រហ័យ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខ និងសោកស្ដាយចំពោះករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះផងដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា សម្រាប់ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជានាពេលកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសនេះផងដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណបន្ថែមទៀតដល់ប្រទេសរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិកម្ពុជា។
ពាក់ព័ន្ធទៅនិងលាងលុយកខ្វក់តាមរយៈរូបិយប័ណ្ណនិម្មិតគ្រីតូនេះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងដែរថា ការប្រើប្រាស់រូបិយប័ណ្ណនិម្មិតគ្រីតូ ដូចដែលភាគីរុស្ស៊ីកំពុងព្រួយបារម្ភ គឺជាបញ្ហាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រោះជនល្មើសប្រើវិធីនេះដើម្បីលាយលុយកខ្វក់ និងប្រព្រឹត្តបទល្មើសឆ្លងដែន។
ដោយឡែកចំពោះឯកសារនៃកិច្ចសហប្រតិបត្តិការដែលនៅសេសសល់ សម្ដេចសន្យាថានឹងជំរុញមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណាជំរុញការងារនេះឱ្យមានវឌ្ឍនភាពបានលឿន៕