កម្មវិធីប្រទេសចិនក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មី៖ ធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ លក្ខណៈពិសេសដ៏លេចធ្លោរបស់ប្រទេសចិនក្នុងយុគសម័យថ្មី
ការអធិប្បាយពាក់ព័ន្ធនឹង “កំណែទម្រង់”ស្ទើរតែត្រូវបានលើកឡើងជារៀងរាល់ឆ្នាំដោយលោកXi Jinpingថ្នាក់ដឹកនាំប្រទេសចិននៅក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ “កំណែទម្រង់”បានក្លាយទៅជាការយកចិត្តទុកដាក់សំខាន់របស់លោកXi Jinpingក្នុងអភិបាលកិច្ចរដ្ឋ។
ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXi Jinpingជាប្រមុខស្នូលបានជំរុញប្រទេសចិនឱ្យសម្រេចបាននូវកំណែទម្រង់ជាលក្ខណៈប្រវត្តិសាស្ត្រ ការស្តារឡើងវិញជាលក្ខណៈប្រព័ន្ធនិងការកសាងឡើងវិញជាសមូហភាពលើវិស័យជាច្រើនតាមរយៈប្តេជ្ញាចិត្តនិងកម្លាំងមិនធ្លាប់មានពីមុនមក ហើយបានត្រួសត្រាយនិម្មាបនកម្មថ្មីនៃកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបានក្លាយទៅជាលក្ខណៈពិសេសដ៏លេចធ្លោរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។
នៅក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៤ លោកXi Jinpingបានបង្ហាញពីជំនឿចិត្តនិងប្តេជ្ញាចិត្តអំពីកំណែទម្រង់ដូចបែបនេះ “គោលដៅដែលយើងជំរុញកំណែទម្រង់គឺ ធ្វើឱ្យប្រទេសកាន់តែមានវិបុលភាពនិងខ្លាំងក្លា ធ្វើឱ្យសង្គមកាន់តែប្រកបដោយយុត្តធម៌និងសច្ចភាព ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។
ទាក់ទិននឹងគោលដៅទូទៅនៃការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយដែលកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨បានលើកឡើង លោកXi Jinpingបានអធិប្បាយដូចបែបនេះ “អ្វីដែលផ្តល់ជាប្រយោជន៍បំផុតដល់ប្រជាជន ផ្តល់ប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងស្ថិរភាពយូរអង្វែងរបស់បក្សនិងជាតិ បើកែត្រូវតែកែដោយមិនងាករេ ។
ចាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨តទៅ ប្រទេសចិនបានដាក់ចេញផែនការកំណែទម្រង់ជាង២០០០ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងអង្គភាពបក្សនិងរដ្ឋ ប្រព័ន្ធតុលាការ ប្រព័ន្ធសេដ្ឋកិច្ច វប្បធម៌ ការអប់រំ សុខាភិបាល និងថែទាំមនុស្សចាស់ជាដើម។ គោលដៅដែលកិច្ចប្រជុំពេញអង្គបានលើកឡើងបានសម្រេចជាទូទៅតាមពេលកំណត់។ បច្ចុប្បន្ន ភារកិច្ចកំណែទម្រង់ថ្មីដែលរៀបចំបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩កំពុងបន្តជំរុញ។ ដូចលោកXi Jinpingបានថ្លែងក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២១ “កំណែទម្រង់និងបើកទូលាយបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍ ត្រូវតែធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅនិងពង្រីកបើកទូលាយដោយភាពក្លាហាននៅថ្ងៃខាងមុខ៕