ដំណើរទស្សនកិច្ចលើកទី១ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ ជាចំណុចចាប់ផ្ដើមនៃការស្តាឡើងវិញនៃទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា។
ភ្នំពេញ៖ស្ថានទូតអាមេរិក បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្រោយជំនួបនោះថា “ដោយសំឡឹងទៅកាន់ឆ្នាំថ្មី ឯកអគ្គរដ្ឋទូត ម៉ាហ្វី និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថាឆ្នាំ២០២៣ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា” ប៉ុន្តែសម្ដេចហ៊ុន សែន មិនបានបង្ហោះសារនៅលើហ្វេសបុករបស់សម្ដេចឡើយ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់ HOTNEWS-ASlA នៅថ្ងៃសុក្រនេះថា ដំណើរទស្សនកិច្ចលើកទីមួយរបស់សម្ដេច ហ៊ុន សែន ទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងភ្នំពេញ។
មិនមានការបង្ហាញហេតុផលណាមួយតាមបណ្តាញសង្គមឬសេច្តីថ្លែងការណ៍ជាផ្លូវការឡើយ ប៉ុន្តែអ្នកតាមដាននយោបាយបានស្វែងយល់ថាប្រហែលជាមកពីកម្ពុជាបានផ្លាស់ប្តូរនយោបាយការបរទេសត្រូវគ្នានឹងលោកខាងលិច ជាពិសេសលើការបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងកិច្ចការមួយចំនួនទៀតដែកកម្ពុជាបានដើរតួនាទីដ៏សំខាន់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។
លោក ពុយ គា បានថ្លែងថា សហរដ្ឋអាមេរិកបានងាកមកទំនាក់ទំនងកម្ពុជារៀងសកម្មជាងមុន បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងទៅ ដែលហាក់ដូចជាស្ថិតនៅលើផ្លូវរលាក់ នោះក៏ដោយសារតែសេចក្តីថ្លែងការណ៍ឬសារជាបន្តបន្ទាប់របស់អាមេរិកស្តីពីមូលដ្ឋានទ័ពជើងទឹកនៅរាមក្នុងខេត្តព្រះសីហនុ ក៏ដូចជាបញ្ហាផ្សេងៗទៀតរួមទាំងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាដើម។
លោក ពុយ គា បានបន្ថែមថា ដំណើរទស្សនកិច្ចនេះជាលក្ខណៈកម្រ ដែលធ្វើឡើងក្រោយមានជំនួបពីរដងរវាងសម្តេច ហ៊ុន សែន ជាមួយប្រធានាធិបតី ចូ បាយដិន នៅសេតវិមានកាលពីខែឧសភា និងនៅទីក្រុងភ្នំពេញកាលពីខែវិច្ឆិការកន្លងទៅ។ លោក ពុយ គា បានបន្តថា កន្លងមកគេមើលមកកម្ពុជាហាក់ដូចជាល្អូកល្អឺនតែជាមួយចិន ប៉ុន្តេឥឡូវគេក៏ឃើញកម្ពុជាចាប់ផ្តើមមានទំនាក់ទំនងល្អជាមួយអាមេរិកផងដែរ៕