សម្តេចតេជោ ហ៊ុន សែន កំពុងស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចកំពុងស្វះស្វែងរក ឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ។
ក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលប្រជាមានិតចិន នាថ្ងៃទី២ មករានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន ៤ហើយ ។ មកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប ១១ហើយ ។
សម្តេចតេជោបន្តថា សមិទ្ធផលស្ពាន និងផ្លូវ ដែលចិនជួយ គឺជាការបង្ហាញឱ្យឃើញ នូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពី នយោបាយខ្សែក្រវាត់ និងផ្លូវ។
សម្តេចតេជោបន្ថែមថា ឆ្នាំ២០២៣នេះ គឺជាខួប ៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។ សម្តេចថា សម្តេចក៏កំពុងរកឥណទាន ដើម្បីសាងសង់ផ្លូវមួយខ្សែ ត្រើយខាងលិចទន្លេមេគង្គក្នុងខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ។
សម្តេចតេជោគូសបញ្ជាក់ថា ពេញមួយជីវិតរបស់សម្តេច គឺដៃម្ខាងប្រឹងប្រែងរកសន្តិភាព ការពារសន្តិភាព និងដៃម្ខាងទៀត ត្រូវប្រឹងប្រែងអភិវឌ្ឍប្រទេស បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ៕