អ្នកសារព័ត៌មានជាង ៤ពាន់នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ពាន់នាក់ ដែលបានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។នេះបើយោងតាមក្រសួងព័ត៌មាន។
នៅក្នុងឱកាសកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។
កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។
កញ្ញាបញ្ជាក់ថា តាមរបាយការណ៍ នៃការចុះឈ្មោះបានឱ្យដឹងថា សម្រាប់កម្មវិធីខាងមុខនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ពាន់នាក់ រួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព, វិទ្យុ និងទូរទស្សន៍៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប ។
ជាមួយនេះក៏មានការចុះឈ្មោះចូលរួមពីមន្ត្រីផ្នែកព័ត៌មាន រដ្ឋបាលខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ , ក្រុមការងារគេហទំព័រគណ បក្សប្រជាជនកម្ពុជា , ក្រុមការងារព័ត៌មានយុវជននៅសហរដ្ឋអាមេរិក , នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គជប។ ជាមួយនេះក៏មាន និស្សិត DMC ,ក្រុម ហ្វេសប៊ុក ព្រំ សាន , សម្ព័ន្ធយុវជនស្ម័គ្រចិត្ត , សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព , ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន៕