ឯកឧត្តម ហឿ សុីយ៉ែម និងឯកឧត្តម វ៉ា ថន អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់
ភ្នំពេញ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
ស្ពានមានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។
មុននឹងបញ្ចប់ សម្ដេចតេជោក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញចុចប៊ូតុងបញ្ជាគ្រឿងចក្រជានិមិត្តរូប បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ចាប់ពីពេលនេះតទៅ៕