ឯកឧត្តម ជាម ប៉េអា អញ្ជើញជាអធិបតីក្នុងបេីកបវេសនកាល និងផ្តល់រង្វាន់សិស្សពូកែលេខ១ដល់លេខ៣ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល
ភ្នំពេញ៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ និងផ្តល់រង្វាន់សិស្សពូកែពីលេខ១ដល់លេខ៣ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវក្រុមការងារ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈឣភិបាលស្រុកស៊ីធរកណ្តាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងមាតាបិតាសិស្សសរុប១២០០នាក់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជាម ប៉េអា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការដឹកនាំ ក៏ដូចជាបង្ហាត់បង្រៀនដល់សិស្សានុសិស្សអោយទទួលបាននូវចំណេះដឹងបានយ៉ាងល្អប្រសើរ។
លើសពីនេះ ឯកឧត្តមក៏បានលើកឡើងផងដែរថា ការបើកសាលារៀនអោយមានដំណើរការប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលសព្វបែបយ៉ាងដូចសព្វថ្ងៃនេះវាកើតចេញពីកត្តានៃសុខសន្តិភាព ហើយជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះតែម្តងគឺវាបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសិក្សាអប់រំ តែក្រោមការដឹកនាំដ៏ល្អ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោបានធ្វើអោយប្រទេសយើងមានការបើកដំណើការសាលាអោយសិស្សានុសិស្សរបស់យើងបានរៀនសូត្រជាធម្មតាទ្បើងវិញដោយគ្មានការព្រួយបារម្ភ និងធ្វើអោយប្រទេសមួយនេះកាន់តែមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។
ជាមួយគ្នានេះ ឯកឧត្តម ជាម ប៉េអា និងក្រុមការងារ បានឧបត្ថម្ភដល់កម្មវិធី និងផ្តល់រង្វាន់សិស្សពូកែពីលេខ១ដល់លេខ៣ នូវថវិកា និងសម្ភារ:សិក្សាមួយចំនួនផងដែរ ៕