អភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការដោះស្រាយបញ្ហាកកស្ទះពាក់ព័ន្ធនឹងវិស័យដីធ្លី
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការដោះស្រាយបញ្ហាកកស្ទះពាក់ព័ន្ធនឹងវិស័យដីធ្លី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធាន អនុប្រធានអង្គភាពច្រកចេញ ចូលតែមួយនៃរដ្ឋបាលខេត្ត និងមន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត ជាច្រើនរូបទៀត។
មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងអង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវចូលរួមពិភាក្សា និងចូលរួមជាគំនិតយោបល់ល្អៗ នឹងសំណូមពររបស់សមាជិកក្នុងអង្គប្រជុំ ដើម្បីជាធាតុចូលក្នុងការពិភាក្សារក ដំណោះស្រាយពី បញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមន្ត្រីរាជការបម្រើការងារនៅអង្គភាពច្រកចេញចូលតែមួយទាំងអស់ ក៏ដូចមន្ទីររៀបចំដែនដីខេត្ត ដែលបានខិតខំយកចិត្តទុកដាក់បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ និងសូមឲ្យបន្តការខិតខំនេះបន្ថែមទៀតដើម្បីធានាប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត៕