សម្ដេចក្រឡាហោម ប្រាប់ទូតអាល្លឺម៉ង់ថ្មីថា កម្ពុជាចង់ឲ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ ដូចមន្ត្រីនគរបាលអន្តរជាតិ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានថ្លែងប្រាប់ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ថាកម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិ ដែលក្នុងន័យនេះសម្ដេចបានស្នើឱ្យអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យនគរបាលនេះ ជាមួយកម្ពុជា ។
ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេច ស ខេង ឯកឧត្ដមទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានថ្លែងថា ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាគឺបានប្រព្រឹត្តទៅដោយទទួលបានជោគជ័យជាទីគាប់ចិត្ត ហើយកិច្ចការងារនេះឯកឧត្តម ក៏បានមានប្រសាសន៍ថា វាជាកិច្ចការងារ ដ៏មានសារៈសំខាន់ ដែលរដ្ឋាភិបាលត្រូវបង្ខិតសេវាសាធារណៈ ឱ្យកៀកជាមួយនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ពាក់ព័ន្ធនឹងវិស័យនគរបាលឯកឧត្តមទូត បានជម្រាបជូនសម្ដេចក្រឡាហោមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា នៅចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាលនេះ ដោយឯកឧត្តមបានចាត់ទុកថា នេះគឺជាការងារដ៏មានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈ ខ្ពស់ និងមានសុជីវធម៌ល្អ។
ជាការឆ្លើយតបពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យនគរបាល សម្ដេចក្រឡាហោម បានលើកឡើងថា កម្ពុជាសព្វថ្ងៃត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត ហើយសម្ដេចបានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតថា កាលពីអតីតឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ សម្ដេចក្រឡាហោម បានអញ្ជើញឯកឧត្តមអគ្គរដ្ឋទូតទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាការិយាល័យច្រកចេញចូលតែមួយនៅក្នុងខេត្តកណ្ដាលផងដែរ ហើយនៅពេលនោះអតីតឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ បានសម្ដែងនូវការពេញចិត្ត យ៉ាងខ្លាំងចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន។
សម្ដេចក្រឡាហោម បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីថា កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ក្នុងន័យនេះសម្ដេចក្រឡាហោម បានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលនេះជាមួយប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការគាំទ្រ និងរីករាយ ចំពោះការលើកឡើងនិងការស្នើសុំរបស់សម្ដេចក្រឡាហោម លើប្រព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងការងារនេះឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្ដមសង្ឃឹមជឿជាក់ថា នឹងបន្តកិច្ចការងារនេះជាមួយប្រទេសកម្ពុជាជាបន្តទៀត។ ដោយឡែកពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល ឯកឧត្ដមបានលើកឡើងថា វាគឺជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយឯកឧត្ដមបានជម្រាបជូនសម្ដេចក្រឡាហោមថា ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំ ក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយប្រទេសកម្ពុជា។
ស្របជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានជម្រាបជូនឯកឧត្តមថា សម្ដេចនឹងត្រៀមខ្លួនសហការជាមួយឯកឧត្តមក្នុងអាណត្តិជាឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា៕