ឯកឧត្តម ហ៊ុន ម៉ានី៖ ការដឹកនាំរបស់បក្សប្រជាជន ៤៤ឆ្នាំ សមិទ្ធផលនានាទាំងអស់ ជាបទពិសោធន៍ដែលត្រូវ បងប្អូនប្រជាពលរដ្ឋចងចាំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជនរយៈពេល ៤៤ឆ្នាំ ដែលនិងមកដល់ថ្ងៃ៧ មករា ខាងមុខនេះ សមិទ្ធផលនានាទាំងអស់ ជាបទពិសោធន៍ដែលត្រូវបងប្អូនប្រជាពលរដ្ឋចងចាំ នៃភាពរីកចម្រើនកន្លង ហើយគណបក្សប្រជាជន នៅតែបន្តដឹកនាំស្របតាមឆន្ទៈប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋនៅតែជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនជានិច្ច ជាការពិតណាស់ការដឹកនាំតែងតែ មានការខ្វះខាតតិចតួចតែ គណបក្សប្រជាជនបានធ្វើកំណែទម្រង់ជាប្រចាំ ។
ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ មានប្រវែង៤,២០០ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅឃុំវល្លិ៍ស និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចំណាយថវិកា ១៤,០០០,០០០,០០០រៀល ។
នាឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជនរយះពេល៤៤ឆ្នាំ ដែលនិងមកដល់ថ្ងៃ៧ មករា ខាងមុខនេះ សមិទ្ធផលនានា ទាំងអស់ជាបទពិសោធន៍ដែលត្រូវបងប្អូនប្រជាពលរដ្ឋចងចាំ នៃភាពរីកចម្រើនកន្លង ហើយគណបក្សប្រជាជននៅតែបន្តដឹកនាំស្របតាមឆន្ទៈប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋនៅតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនជានិច្ច ជាការពិតណាស់ការដឹកនាំតែងតែ មានការខ្វះខាតតិចតួចតែគណបក្សប្រជាជនបានធ្វើកំណែទម្រង់ជាប្រចាំ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំរោងទង ថ្ងៃនេះយើងបានរៀបចំបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៤,២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលចំណាយថវិកាសរុបចំនួន ១៤,០០០,០០០,០០០រៀល ជាថវិកាឥណទានបន្ថែមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ រដ្ឋបាលខេត្តកំពង់ស្ពឺ ហើយគម្រោងនេះ ស្ថាបនាសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។
បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ឆ្លងកាត់ចំនួន ៦ភូមិ (ភូមិបាក់ចញ្ចៀន ភូមិត្រគៀត ភូមិថ្មបាំង ឃុំវល្លិ៍ស និងភូមិកាំបិត ភូមិគោកព្នៅ ភូមិដក់ពរ ឃុំត្រពាំងគង ដែលមានប្រជាពលរដ្ឋរស់នៅ និងទទួលផលចំនួន ៦៨៦គ្រួសារ ស្មើនឹង ៣,៣២០នាក់ ហើយមានសាលារៀនចំនួន៤កន្លែង សាលាបឋមសិក្សាទួលស្វាយរ័ត្ន សាលាបឋមសិក្សាសំរោងទង, អនុវិទ្យាល័យសំរោងទង និងអនុវិទ្យាល័យទន្លេកន្ទិល និងវត្តសំរោទងផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការស្ថាបនាផ្លូវបេតុងនេះ គឺដើម្បីសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលនៅមូលដ្ឋានផ្ទាល់ ពិសេសសម្រួលដល់ការដឹកជញ្ជូនផ្សេងៗ និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា តាមរយៈសមិទ្ធផល ដែលទទួលបានខាងលើនេះ យើងទាំងអស់គ្នា មិនអាចបំភ្លេចនូវតម្លៃនៃសន្តិភាព ហើយសន្តិភាពមិនអាចកាត់ថ្លៃបានឡើយ «អរគុណសន្តិភាព» មានសន្តិភាពមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនដូចសព្វថ្ងៃ។ ដូចនេះយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាការពារ តម្លៃនៃសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់៕