សម្ដេច ស ខេង៖ កម្ពុជារក្សា និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដីបានយ៉ាងល្អប្រសើរ ដែលទាំងនេះជាកត្តាគន្លឹះ ដ៏សំខាន់មិនអាចខ្វះបាន
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជារក្សាបាន និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដីបានយ៉ាងល្អប្រសើរ ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បីបង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ និងកិច្ចដំណើរការនានាទាំងអស់របស់ប្រទេសកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជឿជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឱ្យវិស័យកីឡាក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងចូលរួមចំណែកលើកស្ទួយនូវវិស័យកីឡារបស់ប្រទេសកម្ពុជា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានរំលឹកថា កាលពីឆ្នាំ២០២២កន្លងទៅបានបន្សល់ទុកនូវសមិទ្ធផលធំៗ ជាច្រើនសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែក៏នៅមានបញ្ហាប្រឈម មួយចំនួនទៀត ដែលត្រូវរួមគ្នាដោះស្រាយនាពេលខាងមុខ។ សម្ដេចក្រឡាហោម បានបន្ដថា ពេញ១ឆ្នាំ កាលពីឆ្នាំ២០២២ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាបន្ដថែរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈបានល្អយ៉ាងល្អប្រសើរ។
សម្ដេចក្រឡាហោម បានសង្កេតឃើញថា ក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ច ក៏បានខិតខំប្រឹងប្រែងរក្សាសន្ដិសុខនៅតាម ភូមិ-ឃុំ-សង្កាត់ តាមរយៈការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ ក្នុងការកសាងសេចក្ដីសុខជូនប្រជាពលរដ្ឋគ្រប់រូប។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ជំងឺរាតត្បាតកូវីដ-១៩ ជាជំងឺសកលមួយ ដែលកើតមានឡើងគ្រប់ប្រទេស ប៉ុន្ដែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ចែងកិច្ចការងារគ្រប់គ្រងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ។
សម្ដេចក្រឡាហោម បានឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងខ្ពស់ ក្នុងការទទួលយកវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាមធ្យោបាយមួយ ដើម្បីរារាំងការឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្ដអនុវត្តវិធានការសុខាភិបាល ព្រមទាំងបន្ដទទួលយកការចាក់វ៉ាក់សាំងបន្ថែមទៀត តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៥៩ នាសម័យសង្គមរាស្ត្រនិយម ក្រុមប្រឹក្សាកីឡាកងរាជតម្រួតកម្ពុជា ដែលជាអង្គការកីឡាដំបូង នៃកងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងដោយ ស្នាមព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះទ្រង់ក៏ជាព្រះបិតា កីឡាជាតិផងដែរ។ ស្ថាប័នកីឡានេះ បានចាប់បដិសន្ធិ និងកែទម្រង់ឡើងវិញនៅឆ្នាំ២០១៣ ដោយមានឈ្មោះថា «សហភាពកីឡានគរបាលជាតិកម្ពុជា» ហើយដំណើរការមកដល់ចុងឆ្នាំ២០១៩ ទើបត្រូវបានធ្វើការកែសម្រួលជាថ្មី និងប្តូរឈ្មោះមកជា «ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ» តាមអនុក្រឹត្យលេខ៥១ អនក្រ.បក គោលបំណងក្នុងការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺដើម្បីលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឱ្យមានការរីកចម្រើន និងដើម្បីធ្វើសមាហរណកម្មចូលជាសមាជិកសហភាពកីឡានគរបាលអន្តរជាតិផងដែរ៕