លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន
នារសៀលថ្ងៃទី៤ ខែមករា នៅវិមានសភាប្រជាជនចិន លោកXi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Marcos ប្រធានាធិបតីហ្វីលីពីនដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅប្រទេសក្រៅពីសមាគមអាស៊ាន ហើយលោកក៏ជាមេដឹកនាំបរទេសរូបដំបូង ដែលប្រទេសចិនបានទទួលបដិសណ្ឋារកិច្ចនៅឆ្នាំនេះផងដែរ។ កាលពី ៤៨ ឆ្នាំមុន ឪពុករបស់លោកនិងអ្នកដឹកនាំជំនាន់មុនរបស់ចិនបានយល់ដឹងច្បាស់អំពីស្ថានភាពនាពេលនោះ ហើយដាក់ចេញគោលនយោបាយតាមនិន្នាការទូទៅ ដែលបានរួមគ្នាធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ពោលគឺបង្កើតទំនាក់ទំនងការទូតរវាងចិននិងហ្វីលីពីន។ មិត្តភាពនេះមានតម្លៃណាស់។ប្រទេសចិនតែងតែតម្កល់ប្រទេសហ្វីលីពីនក្នុងទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ចិន ហើយប្រកាន់ខ្ជាប់ការចាត់ទុកទំនាក់ទំនងចិន-ហ្វីលីពីនក្នុងយុទ្ធសាស្ត្រខ្ពស់។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសហ្វីលីពីន និងបណ្តាប្រទេសអាស៊ានដទៃទៀតដោយផ្តោតលើកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ រក្សាឋានៈស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជំរុញការកសាង”ផ្ទះធំទាំងប្រាំ” និងជំរុញតំបន់នេះឱ្យរួចផុតពីស្រមោលខ្មៅនៃសង្គ្រាមត្រជាក់ ជៀសវាងការប្រឈមមុខដាក់គ្នាជាក្រុម បន្តក្លាយជាទីកន្លែងប្រកបដោយការអភិវឌ្ឍនិងវិបុលភាព។
ជាការឆ្លើយតប លោក Marcos បានថ្លែងថា លោករំពឹងទុកចំពោះដំណើរទស្សនកិច្ចនេះយ៉ាងខ្លាំង ហើយសង្ឃឹមថានឹងអាចដោះស្រាយបញ្ហានិងការលំបាកដែលប្រឈមមុខជាមួយគ្នានាពេលខាងមុខ ពង្រឹងទំនាក់ទំនងរវាងហ្វីលីពីននិងចិន ធ្វើឱ្យទំនាក់ទំនងភាពជាដៃគូមានស្ថិរភាពនិងភាពរឹងមាំ ដើម្បីក្លាយទៅជាកម្លាំងចលករថ្មីសម្រាប់ជំរុញសេដ្ឋកិច្ចក្នុងតំបន់នេះ៕