ឯកឧត្តម ខៀវ កាញារីទ្ធ៖ សម្រាប់ទេសចរចិន កម្ពុជាមិនចាំបាច់មានវិធានការសុខាភិបាលអ្វីទាំងអស់ ទោះប្រទេសផ្សេងតឹងរ៉ឹងក៏ដោយ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ថ្មីបំផុតរបស់ប្រទេសចិន។
ចាប់ផ្ដើមពីថ្ងៃទី០៨ ខែមករា ឆ្នាំនេះតទៅ ប្រទេសចិននឹងអនុវត្តវិធានការ“ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ចំពោះការឆ្លងជំងឺកូវីដ១៩។ វិធានការ “ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” យកប្រជាជនជាសំខាន់ យកអាយុជីវិតជាសំខាន់ ប្រកាន់ខ្ជាប់នូវការបង្ការតាមបែបវិទ្យាសាស្ត្រ វិធានការត្រឹមត្រូវ អាចកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់របស់ជំងឺរាតត្បាតចំពោះវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តម ខៀវ កាញារីទ្ធ យល់ឃើញថា វិធានការថ្មីដែលរដ្ឋាភិបាលចិនបានសម្រេចដាក់ចេញគឺជាវិធានការល្អបំផុត សម្រាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន ព្រោះកន្លងមក ទាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ទាំងធុរកិច្ច និងការផ្លាស់ប្តូរគណប្រតិភូ គឺមានការលំបាក និងស្មុគស្មាញនៃវិធានការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូច្នេះ វិធានការ “ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B” នឹងជួយធ្វើឲ្យប្រសើរឡើងវិញ។
សម្លេង៖ «ខ្ញុំយល់ថា នេះគឺជាការសម្រេចចិត្តមួយដ៏ឈ្លាសវៃ ពីព្រោះថា យើងយកកម្រិតពីរគ្រប់គ្រងកម្រិតពីរនេះ គឺបានន័យថា យើងឲ្យថ្នាក់ក្រោមអាចធ្វើការគ្រប់គ្រងកូវីដ១៩ ទន់ភ្លន់ រហ័ស គឺមិនចាំបាច់បញ្ជាពីលើធំមកទាំងដុល អញ្ចឹង កន្លែងនីមួយៗ ដោះស្រាយតាមសភាពការណ៍ជាក់ស្តែង នេះគឺជាចំណុចសំខាន់ណាស់ ដែលយើងអាចនិយាយបានថា ធ្វើឲ្យមនុស្សធូរស្រាល ក្នុងការងារ ហើយក៏មានការជាក់ស្តែង គឺមិនរាំងខ្ទប់ ដូចមុនទៀត នេះគឺជាចំណុចមួយល្អបំផុត»
ឯកឧត្តមក៏បានសង្កេតឃើញថា ប្រទេសមួយចំនួនប្រកាន់យកវិធានការតឹងរ៉ឹង ដោយសារតែប្រទេសទាំងនោះខ្លាចថា ទេសចរចិននាំកូវីដ១៩ ចូលទៅប្រទេសទាំងនោះ ដូចជា នៅប្រទេសថៃ ចាប់ថ្ងៃទី៨ ខែមករា តទៅ គឺទេសចរចិនតម្រូវឲ្យបង្ហាញថា បានចាក់វ៉ាក់សាំង យ៉ាងតិច ២ដូស។ ប៉ុន្តែ សម្រាប់កម្ពុជា ឯកឧត្តមគូសបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី គឺកម្ពុជាមិនចាំបាច់ធ្វើបែបនេះ គ្មានការបារម្ភនោះទេ ដោយសារកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ តាមរយៈជំនួយពីប្រទេសចិន ធ្វើឲ្យកម្ពុជា ១០០% គឺបានចាក់វ៉ាក់សាំង យ៉ាងតិច ៣ដង ហើយពេលនេះ ត្រូវត្រៀមចាក់លើកទី៦បន្ថែមទៀត ដែលធ្វើមានភាពសុំាសហគមន៍ មិនបារម្ភលើការរីករាលដាលនោះឡើយ។
សម្លេង៖ «ដូច្នេះ យើងទទួលស្វាគមន៍ទេសចរចិន ដែលនឹងមក អាចនឹងជួយធ្វើឲ្យវិស័យទេសចរ វិស័យសេដ្ឋកិច្ច មានដំណើរការល្អឡើងវិញនៅកម្ពុជា»
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏សង្ឃឹមថា កម្ពុជានិងចិននឹងបង្កើនទំនាក់ទំនងនៃការផ្លាស់ប្តូរព័ត៌មាន រវាងប្រទេសទាំងពីរ ព្រោះថា ប្រជាជនទាំងពីរត្រូវការចង់ដឹងពីគ្នាច្រើន ហើយការធ្វើទំនាក់ទំនងរវាងប្រជាជននិងប្រជាជននេះ ធ្វើឲ្យប្រទេសទាំងពីរកាន់តែរីកចម្រើន លើគ្រប់វិស័យ ជាពិសេស ការផ្លាស់ប្តូរព័ត៌មានរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ គឺជាការចាំបាច់ ក្នុងការស្វែងយល់ពីគ្នា កាន់តែច្រើនបន្ថែមទៀត៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)