ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធលោក ឧត្តមសេនីយ៍ត្រី អ៊ុក ច័ន្ទកុសល ស្នងការរង ផែនការងារអន្តោប្រវែសន៍
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំលោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាល ស្រុក ក្រុង និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធលោក ឧត្តមសេនីយ៍ត្រី អ៊ុក ច័ន្ទកុសល ស្នងការរង ផែនការងារអន្តោប្រវែសន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទទួលមរណៈភាពកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ ដោយជំងឺ(គាំងបេះដូង)។
ក្នុងនោះបាននាំយកថវិកាឧបត្ថម្ភផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន ១,០០០,០០០៛(មួយលានរៀល)ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងដោយឡែកថវិកាមិត្តរួមការងារចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៦,៥០០,០០០៛(ប្រាំមួយលានហាសិបម៉ឺនរៀល) ដើម្បីប្រគល់ជូនដល់លោកស្រី ព្រំ មុំ ត្រូវជាភរិយានៃសព ប្រារព្ធធ្វើឡើងនៅបរិវេណ វត្តទួលទំពូង ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិផងដែរ៕