សេចក្តីថ្លែងការណ៍ ១១ខ ជាមុខព្រួញរំដោះជាតិពីរបបយង់ឃ្នង
ក្រោយកម្លាំងមូលដ្ឋានទាំង៥ បានរួបរួមគ្នាក្រោមបុព្វហេតុតែមួយស្មារតីតែមួយយើងក៏ឃើញមានសេចក្ដីថ្លែងការណ៍ចំនួន ១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាស្មារតីឈានទៅកាន់ជ័យជម្នះជូនជាតិមាតុភូមិ មានដូចជា៖
១- អនុវត្តន៍មាគាមហាសាមគ្គីជាតិ វាយរំលំរបបប្រល័យសាសន៍ ប៉ុល ពត រៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទូទាំងប្រទេស បង្កើតរដ្ឋធម្មនុញ្ញថ្មី សំដៅធានាអះអាងរាល់សិទ្ធិស្មើភាព សេរីភាព ប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។
២- កសាងរាល់សមាគមដែលជាសមាជិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមែប្រមូលគ្រប់កម្លាំងក្នុងសង្គម គ្រប់មជ្ឈដ្ឋាន មានយុទ្ធជន នារី សហជីព កសិករ និងសមាគមបញ្ញវន្ត។ល។
៣- កសាង និងពង្រឹងកម្លាំងកងទ័ពជាតិដើម្បីការពារមាតុភូមិ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន ការពារនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។
៤- អនុវត្តសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដ គោរពសិទ្ធិ និងតម្លៃរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ បើកសិទ្ធិជូនប្រជាជនឱ្យវិលត្រឡប់មករស់នៅតាមភូមិស្ថានចាស់របស់ខ្លួន និងកសាងជីវភាពរស់នៅប្រកបដោយសុភមង្គលក្នុងគ្រួសារឡើងវិញ។ ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យ ការធ្វើដំណើរក្នុងប្រទេសដោយសេរី មានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង មានសិទ្ធិសេរីភាពក្នុងការនិយាយស្តី មានសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម មានសិទ្ធិសេរីភាពក្នុងការជំនឿសាសនា មានសិទ្ធិប្រកបពលកម្ម សម្រាក និងរៀនសូត្រ។ ធានាអះអាងនូវសិទ្ធិសេរីភាពខាងរូបកាយ មានសិទ្ធិរស់នៅស្មើគ្នា មានកាតព្វកិច្ច និងមានផលប្រយោជន៍ដូចគ្នា។
៥- អនុវត្តន៍មាគ៌ាសេដ្ឋកិច្ចឯករាជ្យតាមដំណាក់កាលនីមួយៗ កសាងឡើងវិញនូវទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញ ជួសជុលសេដ្ឋកិច្ចថ្មី គឺសេដ្ឋកិច្ចបម្រើផលប្រយោជន៍លើមូលដ្ឋាន ពង្រីកកសិកម្ម និងឧស្សាហកម្ម បំបាត់ចោលរបបចាប់បង្ខំឱ្យធ្វើការរួម ហូបរួម បំបាត់ចោលរបបគៀរប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិប្រជាជន បើកធនាគារ ចាយវាយក្រដាសប្រាក់។ ជួសជុល និងពង្រីកការផ្លាស់ប្ដូរនូវរាល់មុខទំនិញ បើកទូលាយការលក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំឱ្យធ្វើពលកម្មបាក់កម្លាំង។
៦- បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ អនុវត្តន៍របបកសាងជីវភាពគ្រួសារ អនុវត្តន៍សិទ្ធិស្មើភាពរវាងបុរស និងនារី។ លើកទឹកចិត្តនារីឱ្យបានរៀនសូត្រខាងវប្បធម៌ និងមុខវិជ្ជាជំនាញដើម្បីបម្រើសង្គម ជួយឧបត្ថម្ភដល់ជនពិការ គ្រួសារពលី មរណៈ។ យកចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រា ស្រ្តីមេម៉ាយ មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេស និងជនបរទេសកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
៧- បំបាត់ចោលវប្បធម៌ប្រតិកិរិយាហើយកសាងវប្បធម៌ថ្មី មានចរិតជាតិ និងទស្សនៈប្រជាជន បំបាត់គ្រោះអវិជ្ជមាន ពង្រីកកម្រិតសិក្សាគ្រប់ថ្នាក់ និងវិជ្ជាជីវៈជំនាញ ថែរក្សាការពារវត្ថុបុរាណ បេតិកភ័ណ្ឌជាតិ សួនឧស្យាន វត្តអារាមដែលត្រូវ ប៉ុល ពត បំផ្លាញ។
៨- អបអសាទរ និងបង្កលក្ខណៈងាយស្រួលដល់នាយទាហាន ពលទាហាន ក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយវិលមករស់នៅជាមួយប្រជាជន ផ្ដទ្ទាទោសមេក្លោងក្បាលរឹង និងអនុគ្រោះចំពោះអ្នកស្មោះត្រង់ និងកែប្រែទាន់ពេលវេលា ព្រមទាំងលើកសរសើរចំពោះអ្នកមានស្នាដៃ។
៩- អនុវត្តន៍មាគ៌ាបរទេស សន្តិភាព មិត្តភាព និងមិនចូលបក្ខសម្ព័ន្ធជាមួយប្រទេសទាំងឡាយ ដោយមិនប្រកាន់របបនយោបាយសង្គមលើលក្ខការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក។
១០- ដោះស្រាយរាល់បញ្ហាវិវាទជាមួយបណ្ដាប្រទេសជិតខាងដើម្បីសន្តិវិធីផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមក។ បញ្ចប់សង្គ្រាមតាមព្រំដែនជាមួយវៀតណាមដែល ប៉ុល ពត បង្កឡើង ស្ថាបនាឡើងវិញនូវចំណងមិត្តភាព សហប្រតិបត្តិការល្អក្នុងន័យជាអ្នកភូមិផងរបងជាមួយនឹងបណ្ដាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ រួមចំណែកកសាងភូមិភាគអាស៊ីអាគ្នេយ៍ ជាមណ្ឌលមួយប្រកបដោយសន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និងសម្បូរស្ដុកស្ដម្ភ។
១១- បង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេសលើសកលលោកដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕