សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២២ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥.៥% ខណៈរំពឹងថានឹងសម្រេចបាន ៦.៦% នៅឆ្នាំ២០២៣
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣ ។
ពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាថ្ងៃទី៧ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះ យើងបានឈានចូលឆ្នាំ២០២៣ហើយ ដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។
សម្ដេចបន្ថែមថាពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើក នៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផល គ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ ។
សម្ដេចតេជោលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «វិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា សម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣»។
សម្ដេចថ្លែងថា ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃ ទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។
សម្ដេចគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់ប្រៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍ របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។ ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់២០០ដុល្លារ រួមទាំងការបន្តទទួលបាន អត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ៕