សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ នៅមជ្ឈមណ្ឌលកោះពេជ្រ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីខាងលើប្រព្រឹត្តទៅយ៉ាងមហោឡារិក ដោយមានការអញ្ជើញពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានកត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អង្គទូត និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។
គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ៕