ប្រកាសបញ្ចូលសមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក ដែលចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ជាង១ពាន់នាក់
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអញ្ជើញ ជាអធិបតី ភាព ពិធីប្រកាសបញ្ចូលសមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក ដែលចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន ១.០៣៤នាក់ ធ្វើឡើងនៅភោជនីយ៍ដា្ឋនលីក្រុះ ស្រុកភ្នំស្រុក។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ទាំង១.០៣៤នាក់នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារចុះជួយស្រុកភ្នំស្រុក ប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាស្រុក សមាជិក -សមាជិកា បក្សនៅមូលដ្ឋាន ផងដែរ។
តំណាងសមាជិកទាំង១.០៣៤នាក់ ដែលស្ម័គ្រចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ដោយបានមើលឃើញយ៉ាងច្បាស់ នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យមានការរីកចំរើន ប្រែប្រួលឆាប់រហ័ស គួជាទីមោទន:ភាពក្រៃលែង។ ដោយពិនិត្យឃើញជាក់ច្បាស់យ៉ាងដូច្នេះ ពួកគាត់មានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេជារៀងរហូត។
ថ្លែងនាឱកាស នោះ លោក បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណចំពោះសមាជិក សមាជិកាថ្មី ដែលបានស្ម័គ្រចិត្ត ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោក បានរំលឹកពីប្រវិត្តការតស៊ូរបស់កម្ពុជា ដែលបានហែលឆ្លងកាត់សង្រ្គាមរ៉ាំរៃការកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវព្រៃជាទីបំផុត។
លោក បោន ប៊ិន បានបញ្ជាក់ថា ដោយមានស្មារតីជ័យជម្នះ៧ មករា គឺជាការផ្តល់កំណើតទី២របស់ប្រជាជនកម្ពុជា បានធ្វើឱ្យបងប្អូនមានឱកាសជួបជុំបងប្អូន យ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាច និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានតស៊ូ រំដោះជាតិមាតុភូ មិ ចេញពីរបបដ៏ខ្មៅងងឹត ជូនប្រជាជនកម្ពុជា ដែលចងចាំមិនភ្លេចនូវសោក នាដកម្មដ៏សាហាវព្រៃផ្សៃ ។ ចំណុចទាំងអស់នេះហើយបើគ្មានសុខសន្តិភាព នោះទេពិតណាស់របបដ៏ខ្មៅងងឹតក៏មិនអាចរលត់ទៅវិញនោះ ដែរ។
សូមបញ្ជាក់ផងដែរថា សមាជិក-សមាជិកា ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទាំង១.០៣៤នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម, សារ៉ុង០១ រួមនឹងថវិកាចំនួន២ម៉ឺន រៀល។ ក្រុមការងារមូលដ្ឋានស្រុកចំនួន ២៦ នាក់ក្នុងម្នាក់ទទួលបាន សារ៉ុង០១,ទឹកក្រូច០១យួរ, មី០១ កេស,ថវិកាចំនួន៤ម៉ឺន រៀល។ ដោយឡែកក្រុមការងារមូលដ្ឋានឃុំ-ភូមិចំនួន ៧១នាក់ក្នុងម្នាក់ទទួលបាន ទឹកភេសជ្ជះប៉ូវកម្លាំងចំនួន០១កេស,សារ៉ុង០១,ទឹកក្រូច០១យួរ, មី០១កេស, ថវិកា៤ម៉ឺន រៀលផងដែរ៕