សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសរបស់យើងពិតជាមានថ្មច្រើន ប៉ុន្ដែថ្មដែលគ្រប់លក្ខខណ្ឌសម្រាប់សាងសង់ មិនមានច្រើនកន្លែងនោះទេ
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាថ្ងៃទី៩ មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជាពិតជាមាន ថ្មភ្នំច្រើនកន្លែង ប៉ុន្ដែថ្មដែលគ្រប់លក្ខខណ្ឌ សម្រាប់សាងសង់ មិនមានច្រើននោះទេ ។
នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនសាងសង់ កំណត់ផ្លូវជាតិលេខ៧ មានភាពងាយស្រួលក្នុងការសាងសង់ ដោយហេតុថា មានថ្មនៅជិតការដ្ឋានតែម្ដង ។
សម្ដេចតេជោបញ្ជាក់ថា «ប្រទេសរបស់យើងពិតជាមានថ្មច្រើន ក៏ប៉ុន្ដែថ្មដែលគ្រប់លក្ខខណ្ឌសម្រាប់សាងសង់ មិនមានច្រើនកន្លែងនោះទេ។ មានកន្លែងខ្លះយើងត្រូវដឹកជញ្ជូន មកពីចម្ងាយ ដើម្បីទទួលបានការសាងសង់» ៕