សម្តេចតេជោ ហ៊ុន សែន៖ គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេច ការអភិវឌ្ឍបាននោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើគ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេច ការអភិវឌ្ឍបាននោះទេ ។
ក្នុងឱកាសអញ្ជើញ បើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាថ្ងៃទី៩ មករានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរកវ៉ាក់សាំងបង្ការកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ បើមិនឱ្យកម្ពុជាពឹងចិន តើឱ្យកម្ពុជាពឹងនរណា ។
សម្តេចតេជោមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧ គឺជាការតភ្ជាប់ដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងខេត្តកំពង់ចាមទេ តែទៅកាន់ខេត្តជាច្រើនផ្សេងទៀត ។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ឱ្យគម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមដំណើរការ ៕