ឯកឧត្តម ជាម ច័ន្ទសោភ័ណ លើកទឹកចិត្តឲ្យក្រុមការងារយុវជនក្នុងស្រុកអូររាំងឪ ពង្រឹង និងខិតខំអនុវត្តន៍រចនាសម្ព័ន្ធដឹកនាំ និងរៀបចំផែនការសកម្មភាពការងារ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការ ថ្នាក់កណ្តាលគណបក្សប្រជាជន ថ្នាក់កណ្តាលល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជន ខេត្តត្បូងឃ្មុំ បានលើកទឹកចិត្ត ឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកអូររាំងឪ ត្រូវពង្រឹង និងខិតខំអនុវត្តន៍នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាដល់ក្រុមការងារយុវជនគណបក្សក្នុង រចនាសម្ព័ន្ធស្រុកអូរាំងឪ នៅស្នាក់ការគណបក្ស ស្រុកអូររាំងឪ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាម សាខា ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជន ឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិតបានបន្តថា សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយ របស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្ស ទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិ ក្នុងនីតិកាលបន្តទៅមុខទៀត។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកអូររាំងឪ ត្រូវពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍ របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ៕