ប្រមុខរាជរដ្ឋាភិបាល៖ ត្រូវយកការអភិវឌ្ឍ ដើម្បីពង្រឹងសន្តិភាព ហើយយកសន្តិភាព ជំរុញការអភិវឌ្ឍ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រឿងអាទិភាពនៅពេលនេះ ត្រូវរក្សាសុខសន្តិភាពឱ្យបាន ដើម្បីមានការអភិវឌ្ឍ ហើយត្រូវយកការអភិវឌ្ឍ ដើម្បីពង្រឹងសន្តិភាព ហើយយកសន្តិភាព ជំរុញការអភិវឌ្ឍ ។
ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាថ្ងៃទី៩ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សន្តិភាព និងការអភិវឌ្ឍ ជាចំណងចងភ្ជាប់គ្នាទៅវិញទៅមក ហើយត្រូវដើរទន្ទឹមគ្នា ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា យុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចដាក់ចេញនៅឆ្នាំ១៩៩៨ គឺរក្សាសន្តិភាព ជំរុញសមាហរណកម្ម ទៅកាន់ឆាកអន្តរជាតិ និងការអភិវឌ្ឍ ៕