ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្ដល់អនុសាសន៍ ៨ចំណុច ដើម្បីឲ្យប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ-មន្រ្តី សហព័ន្ធ និងគ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ដែលត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធ, ឯកឧត្តម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ, ឯកឧត្តម ចាយ ស៊ីជឿន តំណាងឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អនុប្រធានសហព័ន្ធ, ឯកឧត្តម លោក លោកស្រី គណៈកម្មការបច្ចេកទេសសហព័ន្ធ, គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយ ឯកឧត្តម អស់លោក លោកស្រី និងគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាដែលបានខិតខំអនុវត្តការងារកន្លងមកបានយ៉ាងល្អប្រសើរ និងទទួលបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថាការរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើនកន្លងមក ក៏ដូចជាការចូលរួមកម្មវិធីប្រកួតកម្រិតអន្តរជាតិនានា ពិតជាបានផ្តល់ឱកាសឱ្យកីឡាករ-កីឡាការិនីយើង បានបញ្ចេញនូវទេពកោសល្យ និងជាការវាស់ស្ទង់នូវសមត្ថភាពបច្ចេកទេស ដែលបានខិតខំហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះ ដែល ទទួលបានកន្លងមកនេះ គឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករ កីឡាការិនី ដើម្បីត្រៀមលក្ខណៈតម្រង់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ « នយោបាយ ឈ្នះ-ឈ្នះ» ដែលបានបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃទាំងស្រុងដោយគ្មានការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ គ្មានការបែងចែកទឹកដី ពោលគឺបាននាំនូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ក្រោមដំបូលព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ ការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព ពុំមានការរើសអើង និងការប្រកាន់ ឋានៈ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា មូលដ្ឋានគ្រឹះនៃសុខសន្តិភាពនេះ ពិតជាបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា មានឱកាសពេញលេញ ក្នុងការខិតខំគិតគូ កសាង និងអភិវឌ្ឍន៍ប្រទេស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពង្រឹង និងពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេរភាគី ពហុភាគី ក្នុងតំបន់ និងសកលលោក និងការធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ដែលរហូតមកដល់ពេលនេះ មានការគាំទ្រ ទទួលស្គាល់ ពីអន្តរជាតិថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍរីកចំរើនខ្លាំង ប្រកបដោយថាមវន្ត ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុងហែលឆ្លងកាត់នូវភាពលំបាក និងភាពប្រឈម កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីសំណាក់ប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ាន ស្ថាប័នអន្តរជាតិសំខាន់ៗ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចពិភពលោក ដោយទទួលបានជោគជ័យគួរជាទីមោទកៈ ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពិតជាបានបង្ហាញ និងលើកមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសគឺវីរៈភាព និងកិត្តិនាមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជាប្រធានអាស៊ានប្តូរវេន និងជាប្រមុខដឹកនាំដ៏ឆ្នើមឧដុង្គឧត្តមបំផុត។ អ្វីដែលពិសេស និងកម្រមាននោះគឺ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានទទួលនូវ “ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ចំពោះកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» នៅកម្ពុជាវិញ ឯកឧត្តមរដ្ឋមន្រ្តី យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ន ប្រភេទកីឡានេះ នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗពីមហាជន ទន្ទឹមគ្នានេះសមត្ថភាពរបស់កីឡាករកីឡាការិនី ក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់ជាអាទិ៍ក្នុងការចូលរួមពីរកីឡាករ ជាយុវជន ដែលជាថ្នាល និងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅថ្ងៃអនាគត ក្នុងនាមសហព័ន្ធ ឯកឧត្តម សូមកោតសរសើ និងវាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងនេះ។
ដើម្បីឱ្យប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា “ទូកនាគ” កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ មួយចំនួន ដូចខាងក្រោម៖
១-ត្រូវរៀបចំផែនយុទ្ធសាស្ត្រការងារ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្បាស់លាស់ ដើម្បីដណ្តើមភាពជោគជ័យជូនជាតិឱ្យខាងតែបាន។
២-កីឡាករ-កីឡាការិនី ត្រូវថែរក្សាសុខភាពអោយបានល្អ គោរពវិន័យក្នុងការហ្វឹកហាត់ បង្កើនសម្ថតភាពរបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះលើគូប្រកួត ។
៣-ត្រូវរៀបចំឱ្យមានធនធាន និងសម្ភារៈហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ប្រចាំថ្ងៃ របស់កីឡាករ-កីឡាការិនី។
៤-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ដោយផ្តោតសំខាន់លើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗប្រកបដោយការយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវខ្ពស់។
៥-ត្រូវពង្រឹង សមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាពសមស្របតាមស្តង់ដារបច្ចេកទេស ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។
៦-ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភនានាបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។
៧- ត្រូវជំរុញការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន សាធារណជន ជាតិ-អន្តរជាតិ ឱ្យកាន់តែច្រើនបន្ថែមទៀត។
៨-ត្រូវបង្កើនកិច្ចសហការទំនាក់ទំនងជាមួយសារព័ត៌មាន ដើម្បីឱ្យជួយបំផុសនិយមន័យកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះគឺកីឡារស់ក្នុងសន្តិភាព និងអរគុណសន្តិភាព៕