ក្រសួងការបរទេសចិនរំពឹងទុកថា បណ្តាភាគីនានាអាចធានាបាននូវការទៅមកប្រកបដោយសុវត្ថិភាពនិងភាពរលូនរវាងអ្នកដំណើរដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍វិទ្យាសាស្ត្រ
——————————————————————————
ថ្ងៃទី៩ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា ក្រសួងការបរទេសនៃប្រទេសអាល្លឺម៉ង បែលហ្ស៊ិកនិងលុចសំបួជាដើមបានស្នើឱ្យប្រជាពលរដ្ឋរបស់ប្រទេសខ្លួនកុំធ្វើដំណើរទៅកាន់ប្រទេសចិនបើគ្មានភាពចាំបាច់ ។ ទាក់ទិននឹងរឿងនេះ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងម៉េច ?
លោក Wang Wenbin បានថ្លែងថា ស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩នៅប្រទេសចិនមានសភាពកាន់តែល្អប្រសើរឡើង ខេត្ត ក្រុងមួយចំនួនបានឆ្លងផុតរលកខ្ពស់នៃការឆ្លងរាលដាលរួចហើយ ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជនបាននិងកំពុងពន្លឿនការរៀបចំឱ្យមានប្រក្រតីភាពឡើងវិញ ។ ប្រទេសចិនសង្ឃឹមបណ្តាភាគីនានាប្រកាន់ខ្ជាប់គោលការណ៍វិទ្យាសាស្ត្រ រួមគ្នាធានាការទៅមកប្រកបដោយសុវត្ថិភាពនិងភាពរលូនរវាងអ្នកដំណើរនៃបណ្តាប្រទេសនានា ដើម្បីរួមចំណែកក្នុងការសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចសកលឡើងវិញ ។
ទាក់ទិងនឹងសំណួរដែលសួរថា អាមេរិកបានរកឃើញវីរុសបម្លែងថ្មីប្រភេទ XBB.1.5 តើប្រទេសចិននឹងចាត់វិធានការឆ្លើយតបឬទេ ? លោក Wang Wenbin បានថ្លែងថា បន្ទាប់ពីប្រទេសចិនបានដាក់ចេញផែនការទូទៅស្តីពីការកំណត់កម្រិតឆ្លងនៃជំងឺកូវីដ១៩ “ថ្នាក់B គ្រប់គ្រងតាមថ្នាក់B ” និងវិធានការបណ្តោះអាសន្នស្តីពីការទៅមករវាងអ្នកដំណើរចិននិងបរទេស ប្រទេសជាច្រើនបានសម្តែងការស្វាគមន៍ ។ ប៉ុន្តែក៏មានប្រទេសមួយចំនួនតូចប្រកាសថា នឹងចាត់វិធានការដាក់កំហិតចំពោះការចូលដែនរបស់អ្នកដំណើរដែលទៅពីប្រទេសចិន ។ទាក់ទិននឹងរឿងនេះ ប្រទេសចិនសូមសម្តែងការប្រឆាំងយ៉ាងដាច់ខាត ព្រមនិងចាត់វិធានការតបតវិញដូចគ្នា ។ បច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.1.5 បានក្លាយទៅជាវីរុសរីករាលដាលឆាប់បំផុតនៅអាមេរិក ។អាមេរិកគួរតែចែករំលែកដោយទាន់ពេលវេលានូវព័ត៌មាននិងទិន្នន័យនៃជំងឺឆ្លងក្នុងស្រុកអាមេរិកជាមួយអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិ ព្រមនិងចាត់វិធានការយ៉ាងប្រាកដប្រជានិងប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការកុំឱ្យជំងឺនេះរីករាលដាលខ្លាំងថែមទៀត ៕