នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តដឹកនាំកិច្ចប្រជុំស្ដីពីការកែសម្រួលអនុក្រឹត្យ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំកិច្ចប្រជុំលេីកទី៦ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះបានលេីកយកចំណុចសំខាន់ៗមួយចំនួនមកពិភាក្សា និងកែសម្រួលពាក់ព័ន្ធ ការកំណត់ប្រភេទទិដ្ឋាការ លក្ខខណ្ឌ និងបែបបទដែលជនបរទេសត្រូវបំពេញដេីម្បីចូល-ចេញ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមឲ្យអង្គប្រជុំសិក្សា និងពិភាក្សាវែកញែកអំពីការកំណត់លក្ខខណ្ឌថ្មីក្នុងការស្នើសុំទិដ្ឋាការពិសេស(Visa K) សម្រាប់ផ្តល់ចំពោះជនដែលមានសញ្ជាតិខ្មែរពីកំណើត ហើយកាន់លិខិតឆ្លងដែន ឬឯកសារធ្វើដំណើរបរទេស ៕