អគ្គនាយករង ប.ស.ស. ដឹកនាំមន្ត្រីបច្ចេកទេសចូលរួមកិច្ចប្រជុំ ពិនិត្យលទ្ធផលនៃការសិក្សា និងការវាយតម្លៃរបបថែទាំសុខភាព នៃ ប.ស.ស.”
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យមើលលើរបាយការណ៍ “លទ្ធផលនៃការសិក្សា និងការវាយតម្លៃរបបថែទាំសុខភាព នៃ ប.ស.ស.” ដើម្បីសិក្សាអំពីបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន និងការផ្តល់ជាអនុសាសន៍ចំពោះចំណុចខ្វះខាតនៅក្នុងការអនុវត្តរបបថែទាំសុខភាព ដើម្បីបង្កើនគុណភាពនៃការផ្តល់សេវា ឱ្យកាន់តែល្អប្រសើរឡើង និងបង្កើនភាពជឿជាក់ពីសំណាក់សមាជិក ប.ស.ស.។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិតអគ្គនាយករង បានស្នើដល់អង្គប្រជុំទាំងមូល ជាពិសេស នាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវពិនិត្យដោយយកចិត្តទុកដាក់លើរបាយការណ៍វាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. នេះ ដើម្បីផ្ដល់ធាតុចូលគន្លឹះសំខាន់ៗ និងពិភាក្សាឱ្យបានម៉ត់ចត់រាល់ខ្លឹមសារ នីមួយៗក្នុងអង្គប្រជុំ ដើម្បីជាដំណោះស្រាយចំពោះចំណុចខ្វះខាតក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពរបស់ ប.ស.ស. មុននឹងបញ្ចប់របាយការណ៍ជាផ្លូវការនៃការវាយតម្លៃរបបថែទាំសុខភាពនៃ ប.ស.ស. នេះ ។
ក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ ប.ស.ស. ក្នុងការសហការអនុវត្តគម្រោងស្តីពី ការសិក្សានិងការវាយតម្លៃរបបថែទាំសុខភាព ប.ស.ស. នាពេលនេះ និងបន្ដវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យសន្ដិសុខសង្គមនេះតទៅមុខទៀត។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធនៃ ប.ស.ស. អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO)៕