សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរងរាជធានី-ខេត្ត ដែលទទួលបន្ទុកកិច្ចការអ្នកនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានឱ្យបានទូលំទូលាយ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងសម័យកាលសកលភាវូបនីយកម្ម គ្រប់ផលិតផល និងសេវាកម្មត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជន យ៉ាងណាមិញ រាជរដ្ឋាភិបាល ក៏ត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងជាស្ពានទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដែលប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣។
លើសពីនេះ សម្ដេចក្រឡាហោម បានសង្កេតឃើញថា តំណាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ បានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌអង្គភាពរបស់ខ្លួន និងតាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម បន្ដថា ការផ្សព្វផ្សាយនេះ គឺស្ថិតក្នុងបំណងបញ្ជ្រាបនូវរាល់សមិទ្ធផល និងស្នាដៃទាំងអស់នោះជូនប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត តាមយុទ្ធសាស្ត្រនយោបាយព័ត៌មាន ដែលកិច្ចប្រជុំបានពិភាក្សា និងផ្សព្វផ្សាយនៅថ្ងៃនេះ ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹង និងយល់កាន់តែច្បាស់ពីការងាររបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕