គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ មករានព បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។
ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាតទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោលបួនយ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល។
លើសពីនេះ ការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់នៅក្នុងអាណត្តិក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ៕