លោកជំទាវ ឡោក ខេង អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសង្កាត់វាលស្បូវ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៥០នាក់ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ ជម្រុញលេីកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋខិតខំប្រកបមុខរបរចិញ្ចឹមជីវិត រួមទាំងចូលរួមផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ កុមារទៅចាក់វ៉ាក់សាំង ឧបត្ថម្ភសាច់ប្រាក់ក្នុងដំណាក់កាលកូវីដចំពោះប្រជាជនក្រីក្រដែលរងផលប៉ះពាល់ដោយកូវីដ ជារៀងរាល់ខែ ការឧបត្ថម្ភចំពោះប្រជាជនរងនូវហានិភ័យអតិផរណា ជារៀងរាល់ខែ និងគោលនយោបាយអភិវឌ្ឍន៍ជាតិ “មនុស្ស ផ្លូវ ទឹក ភ្លេីង”។
ជាមួយនេះ លោកជំទាវក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋខិតខំអប់រំកូនចៅអោយខំរៀនសូត្រអោយក្លាយជាធនធានមនុស្សដ៏មានសក្តានុពលដេីម្បីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលទៅថ្ងៃអនាគត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានផ្តល់ជូនក្រមា និងឧបត្ថម្ភថវិការបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ផងដែរ ៕