សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ៣គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសគ្រឿងញៀន ជិត២០គីឡូក្រាម
ភ្នំពេញ៖ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៣ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងរឹបអូសគ្រឿងញៀន ១៩១៥០ក្រាម។
តាមរបាយការណ៍បានឲ្យដឹងថាគោលដៅទាំង៣នោះរួមមាន៖ គោលើដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គោលដៅទី២ ៖ ក្នុងបរិវេណ ភោជនីយដ្ឋាន មិត្តភាព ភូមិស្តង់តាងួន សង្កាត់ប៉ាលីឡៃ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គោលដៅទី៣ ៖ ភូមិក្បាលស្ពាន១ សង្កាត់ប៉ាលីឡៃ១ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៥នាក់រួមមាន ៖
១.ឈ្មោះ ស្រី គឹមសួរ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ, ២.ឈ្មោះ ខឹម សុភ័ក្ត្រ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ, ៣.ឈ្មោះ ផាន់ កំសត់ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ, ៤.ឈ្មោះ បន បៀង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ (មេក្លោង និងជាម្ចាស់គ្រឿងញៀន) , ៥.ឈ្មោះ ជា រ៉ុង ភេទប្រុស ជនជាតិខ្មែរ អាយុ៤១ឆ្នាំ។
ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១៩១៥០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់៕